លោកគ្រូប្រដាល់សេរី ចាន់ រតនា បង្ហើបឲ្យដឹងថាខ្លួនបានហ្វឹកហាត់ត្រៀមត្រឡប់ចូលវៃប្រកួតវិញក្នុងសង្វៀន ONE: Heart of the Lion សំរាប់ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ខែក្រោយនេះនៅប្រទេសសិង្ហបុរី ប៉ុន្តែគំរោងនោះស្រាប់តែត្រូវបានផ្លាស់ប្តូរភ្លាមៗ។

ការប្រកួតប្រភេទទំងន់ flyweight (៦១.២kg) របស់តារាប្រដាល់សេរី ចាន់ រតនា ដែលរំពឹងប៉ះជាមួយកីឡាប្រដាល់ថ្មីរបស់ឥណ្ឌូនេស៊ី លោក Abro Fernandes រហ័ស្សនាម «នាគខ្មៅ» ត្រូវបានគេលុបចោលដោយសារភាគីម្ខាងទៀតមានរបួស។ កីឡាប្រដាល់ជើងចាស់ខ្មែរវ័យ ៣២ឆ្នាំរូបនេះ បានទទួលព័ត៌មានពី ONE ស្របពេលខ្លួនកំពុងហ្វឹកហាត់ជាមួយជើងខ្លាំង Phoe Thaw ហៅក្រៅ “Bushido” នៅប្រទេសភូមា។ ថ្វីបើដំបូងគាត់មានការខកចិត្តខ្លាំង ព្រោះគាត់មិនអាចបង្ហាញពីសមត្ថភាពក្បាច់គុនខ្មែរដែលគាត់ព្យាយាមហ្វឹកហាត់បង្កើនមួយរយៈពេលមកសំរាប់ត្រៀមវៃនៅប្រទេសសិង្ហបុរីបាន ប៉ុន្តែគាត់ក៏ទទួលបានសញ្ញាវិជ្ជមានក្នុងកាលៈទេសៈមិនល្អរបស់គាត់ក្នុងពេលជាមួយគ្នាផងដែរ។ គាត់បង្ហើបប្រាប់ថា៖ «ខ្ញុំមិនសូវសប្បាយចិត្តទេ ពេលគេប្រាប់ខ្ញុំថាការប្រកួតរបស់ខ្ញុំត្រូវលុបចោល»។ «តែក៏ល្អម៉្យាង ព្រោះខ្ញុំនឹងមានពេលថែមទៀតសំរាប់ហ្វឹកហាត់បន្ថែមឲ្យកាន់តែខ្លាំងសម្រាប់ការប្រកួតបន្ទាប់»។

ឥឡូវនេះ ONE Championship ពុំទាន់ប្រកាសជាផ្លូវការនៅឡើយទេថាគាត់ត្រូវវៃពេលណាបន្ទាប់ ប៉ុន្តែបើតាមលោក រតនា បង្ហើបឲ្យដឹងគឺគាត់នឹងត្រូវវៃក្នុងកម្មវិធី ONE: DESTINY OF CHAMPIONS នៅថ្ងៃសុក្រទី ៧ ខែធ្នូ។ ក្រុមជុំរុំក្បាច់គុនធំបំផុតនៅលើពិភពលោកនឹងបង្ហាញខ្លួនម្តងទៀតនៅពហុកីឡដ្ឋាន Axiata Arena ដ៏ស្រស់ស្អាតនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយលោក រតនា គិតថាខ្លួននឹងបង្ហាញពីក្បាច់គុនខ្មែរដ៏ល្អដ៏អស្ចារ្យនេះដល់អ្នកចូលរួមទាំងអស់បានឃើញ។ បច្ចុប្បន្ននេះគាត់កំពុងនៅជាមួយមិត្តរួមក្រុមរបស់គាត់នៅទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា ទោះបីជាការប្រកួតរបស់កូនសិស្ស Phoe Thaw មិនបានដូចអ្វីដែលលោករំពឹងទុកក៏ដោយក៏ គាត់ទទួលស្គាល់ថាពួកគាត់បានត្រៀមខ្លួនយ៉ាងអស់ពីសមត្ថភាពហើយ។ លោកពន្យល់ថា៖ «គាត់ (Phoe Thaw) បានហ្វឹកហាត់យ៉ាងខ្លាំងរយៈពេលមួយខែហើយ ប៉ុន្តែយ៉ាងណាមិញនៅលើសង្វៀនយើងមិនអាចមើលឃើញទេ»។

រតនា នឹងវិលត្រលប់មកភ្នំពេញវិញដើម្បីបន្តការហ្វឹកហាត់ ដោយសង្ឃឹមថា ONE Championship នឹងទាក់ទងមកប្រាប់ពីការប្រកួតថ្មីឆាប់ៗ។ ស្របពេលនោះដែរ គាត់នឹងចំនាយពេលវេលាជាមួយដៃគូរបស់គាត់លោក Phoe Thaw ក៏ដូចជាក្រុម PT នៅឯប្រទេសភូមា។ គាត់និយាយថា៖ «យើងសប្បាយចិត្តដោយបានផ្លាស់ប្តូរបទពិសោធន៍គ្នា» ។ «ដំបូងវាលំបាកសម្របខ្លួនក្នុងការរស់នៅរបស់គេណាស់ ដោយសារកន្លែងខុសគ្នា ម្ហូបអាហារក៏ខុសគ្នា ប៉ុន្តែពេលបានមកពីរបីលើកក្រោយ វាដូចជាសាមញ្ញធម្មតាវិញ»។

អត្ថបទ៖ Matias Andre