ក្រុម Juventus កំពុងរៀបចំផែនការដើម្បីចុះហត្ថលេខានាំយក James Rodriguez មកកាន់ទីក្រុងទូរីនគោលបំណងដើម្បី ជុំជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo។ ខ្សែបម្រើ-ប្រយុទ្ធកូឡុំប៊ីមានវ័យ ២៧ឆ្នាំរូបនេះត្រូវបានក្លឹបយក្ស Bayern Munich ខ្ចីជើងពីក្រុមអធិរាជស Real Madrid ចាប់តាំងពីរដូវក្តៅ២០១៧ មកម្ល៉េះ(២រដូវកាល)ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្តូរ ក្នុងខែមករា ២០១៩ ខាងមុខប្រសិនក្រុម Juventus នៅតែមានមហិច្ឆតាចង់ផ្ទេរយករូបគេនៅពាក់កណ្តាលរដូវកាល។

កាសែតអាល្លឺម៉ង់ SportBild បានចុះផ្សាយថា: James ចង់ចាកចេញពីក្លឹបជើងឯក Bundesliga អាឡឺម៉ង់ ក្នុងខែមករាដើម្បីវិលត្រឡប់ទៅលេងនៅក្របខណ្ឌ La Liga ឬអាចផ្លាស់ប្តូរជាអចិន្រ្តៃយ៍ទៅកាន់ក្លឹបទី៣ ខណៈដែល​ James ត្រូវបានក្លឹប Juventus ផ្តល់ឱកាសជាច្រើនកន្លងមកប៉ុន្តែពេលនេះក្រុមជើងឯក Serie A បានបង្ហាញចេតនានេះកាន់តែខ្លាំងឡើង ស្រប ពេលលោក Jorge Mendes គឺជាភ្នាក់ងាររបស់កីឡាករទាំងពីររូប (James និង Ronaldo) ដែលជាបុគ្គល សំខាន់ក្នុងការ ផ្ទេរយក ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មកលេងនៅ Juventus ពីក្លិប Real Madrid ក្នុងតម្លៃ ១០០លានផោនកាលពីរដូវក្តៅ។ SportBild បន្តថាៈ Mendes ចង់ចរចារជាមួយក្លឹប Bayern អំពីការផ្ទេរយក James នៅខែធ្នូ ប៉ុន្តែក្រុម Bayern ត្រូវបានគេជឿថាមិនមានបំណងចង់អោយតារាកំពុងឡើងជើងរូបនេះចាកចេញពីក្រុមនៅពាក់កណ្តាលរដូវកាលទេ។

ដូច្នេះ Juventus ធ្លាប់តែមានទំនាក់ទំនងដ៏ល្អជាមួយ Mendes អាចនិងមានឪកាសច្រើនក្នុងការបញ្ចុះបញ្ចូលចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្បែកជើងមាស James ក្នុងនាមកីឡាករ ស៊ុតបញ្ចូលទីដ៏លេចធ្លោជាមួយនឹងការលេងដ៏អស្ចារ្យនៅ ក្នុងព្រឹត្តិការណ៍ World Cup ២០១៤ នៅប្រេស៊ីលកន្លងមកនោះ ខណៈពេលបច្ចុប្បន្នក្រោយបង្ហាញខ្លួនបាន​ ៤៩ប្រកួត James រកគ្រាប់បាល់អោយក្រុម Bayern Munich បាន ១១គ្រាប់ហើយ។ បច្ចុប្បន្នក្រុម Juventus មានកីឡាករ Ronaldo, Paulo Dybala, កីឡាករ Juan Cuadrado, ខ្សែប្រយុទ្ធ Mario Mandzukic, កីឡាករ Douglas Costa និងកីឡាករ Federico Bernardeschi ដែលកំពុងប្រជែងគ្នាដណ្តើមជម្រើស ១១នាក់ដំបូងជាអចិន្រ្តៃយ៏នៅតំបន់បម្រើ-ប្រយុទ្ធ។

ប្រភព៖ Dailymail