Santiago Solari អ្នកចាត់ការថ្មីក្រុម Real Madrid បានបដិសេធចំពោះមតិប្រៀបធៀបរូបលោក ទៅនឹងវីរបុរសក្លឹបស្តេចស Zinedine Zidane បន្ទាប់ពីលោកឡើងដឹកនាំក្រុមលក្ខណៈបណ្តោះអាសន្ន ក្រោយក្លឹបបណ្តេញ Julen Lopetegui ចេញពីតំណែង កាលដើមសប្តាហ៍នេះ។

អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន និងជាអតីតខ្សែបម្រើក្រុម Real Madrid រូបនេះ បានចាប់ផ្តើមដឹកនាំក្រុមឈុតយុវជន Real Madrid B ដូច Zidane កាលឆ្នាំ២០១៦ដែរ ប៉ុន្តែលោក Solari មិនហ៊ានប្រៀបធៀបរូបលោក ទៅនឹងបុរសសញ្ជាតិបារាំង ដែលជួយឲ្យ Real Madrid លើកពាន UEFA Champions League ៣ឆ្នាំជាប់ៗគ្នានោះទេ។

Solari បានប្រាប់ដល់សន្និសីតសារព័ត៌មាន កាលពីថ្ងៃអង្គារថា៖ “សូមឲ្យគាត់រស់នៅបានសេចក្តីស្ងប់ចុះ។ គាត់ជាវីរបុរសក្លឹប Real Madrid ម្នាក់។ គ្មានពាក្យអ្វីគ្រប់គ្រាន់ ដើម្បីពិពណ៌នាពី Zizou (Zidane) នោះទេ។ សូមឲ្យគាត់រស់នៅជាមួយភាពអស្ចារ្យរបស់គាត់ កុំប្រៀបធៀបពួកយើង។ គ្មាននរណាម្នាក់ អាចប្រៀបជាមួយគាត់បានទេ”៕
Via: Sportrefres