គ្រូបង្វឹក Maurizio Sarri បានបញ្ជាក់ថា រូបលោកមានឆន្ទៈនឹងលក់ចេញកីឡាករ Chelsea ២រូបគេខ្សែបម្រើ Danny Drinkwater និងខ្សែបម្រើ-ប្រយុទ្ធស្លាប Victor Moses កំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០១៩ ខាងមុខនេះ។

ខ្សែបម្រើអង់គ្លេស Drinkwater ត្រូវបានក្លឹប Chelsea ចុះហត្ថលេខានាំយកពីក្រុម Leicester City នៅរដូវក្តៅឆ្នាំមុន ក្នុងតម្លៃ ៣៥លានផោននោះចូលលេងបាន ១ដងប៉ុណ្ណោះ ឱ្យក្រុមតោខៀវក្នុងរដូវកាលថ្មីនេះ។សម្រាប់ Moses ខ្សែប្រយុទ្ធស្លាបអន្តរជាតិនីហ្សេរីយ៉ារូបនេះបានបង្ហាញខ្លួនប្រាំមួយលើកប៉ុណ្ណោះ និងបានបាត់បង់តំណែងជម្រើស ១១នាក់ដំបូងរបស់ខ្លួន ចាប់តាំងពីលោក Sarri ចូលមកដឹកនាំក្រុម ជំនួសលោក Antonio Conte។
មានការចោតសួរដោយអ្នកសារពត៌មានថាតើកីឡាករទាំងពីរនេះនៅតែជាជម្រើសរបស់ Chelsea ដែរឬទេ?លោក Sarri គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានឆ្លើយតបវិញថា: ខ្ញុំមិនដឹងទេ។ ពួកគេត្រូវតែអភិវឌ្ឈទម្រង់លេងឱ្យល្អប្រសើរជាងនេះ។

Moses គឺជាតារាឆ្នើមម្នាក់ដែលជួយក្រុមលើកពាន Premier League ក្រោមការដឹកនាំ របស់លោក Conte ប៉ុន្តែទំនងជាមិនមានអនាគតវែងឆ្ងាយនៅក្រោមការដឹកនាំរបស់លោក Sarri ទេ។ រីឯ Drinkwater ដែលធ្លាប់ឈ្នះពាន ជាមួយនឹង Leicester City មុនពេលចូលរួមជាមួយក្រុម Chelsea មានឪកាសតួនាទីតិចតួច នៅរដូវកាលនេះហើយត្រូវបានរំពឹងថារូបគេនឹងផ្លាស់ចេញនៅខែមករា ឬរដូវក្តៅឆ្នាំ២០១៩ ខាងមុខនេះផងដែរ។

ប្រភព៖ metro