ក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City បានវិលទៅលើឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Manchester United លើទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Liverpool បានរក្សាការប្រជែងដណ្តើមពាន តាមរយៈការយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០។

ក្រុម Chelsea មិនខុសពីក្រុមកំពូលតារាងទាំង២ខាងលើឡើយ ខណៈដែលពួកគេនៅតែរក្សាការមិនស្គាល់ចាញ់សោះក្នុងក្របខ័ណ្ឌលីក ក្នុងរដូវកាលមកទល់ពេលនេះ ប៉ុន្តែមិនបានរក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកឡើយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Everton ស្របពេលក្រុមឈរលេខ៥ Arsenal បានត្រូវការគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីកីឡាករ Henrikh Mkhitaryan ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Wolves នាកីឡដ្ឋាន Emirates។

Man City បានបញ្ចប់ការប្រកួតរបស់ខ្លួន តាមរយៈការនាំមុខ២ពិន្ទុដាច់លើក្រុម Liverpool និង៤ពិន្ទុលើក្រុម Chelsea។ គ្រាប់បាល់ស៊ុតបញ្ចូលនៅដើមតង់នីមួយៗ នាកីឡដ្ឋាន ពីសំណាក់ David Silva និង Sergio Aguero បានធ្វើឲ្យក្រុម Man City ស្ថិតក្នុងទីតាំងដ៏រឹងមាំ នៅមុនពេលការស៊ុតបាល់ប៉េណាល់ទីរបស់ Anthony Martial បានជួយឲ្យក្រុមភ្ញៀវ Man United មានក្តីសង្ឃឹមនៃការវាយបកវិញ។ ប៉ុន្តែ ខ្សែបម្រើ Ilkay Gundogan បានធ្វើឲ្យលទ្ធផលនេះចេញផុតពីការសង្ស័យផ្សេងៗ នៅរយៈពេល៤នាទីចុងក្រោយ តាមរយៈការរកគ្រាប់បាល់ទី៣សម្រាប់ក្រុមខ្លួន។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បាននិយាយថា ក្រុមរបស់លោកត្រូវតែជម្នះលើការ «ភ័យខ្លាច» នៅមុនពេលផ្តួលគូប្រកួតស្ថិតក្នុងទីក្រុងតែ១របស់ពួកគេ៕
ប្រភព៖ Channel News Asia
Man City វិលទៅឈរលើកំពូលតារាងវិញ ខណៈ Liverpool រក្សាការប្រជែងពាន
អត្ថបទទាក់ទង
