ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុម Juventus បានស្តារមុខមាត់ពីការរងបរាជ័យរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Manchester United កាលពីពាក់កណ្តាលសប្តាហ៍មុន តាមរយៈការយកឈ្នះលើក្រុម AC Milan ២-០ ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ១គ្រាប់ នៅមុនពេលរងការពិន័យកាតក្រហម។

Mario Mandzukic បានតែតបាល់រកគ្រាប់បាល់បើកឆាកនៅនាទីទី៨ នាកីឡដ្ឋាន San Siro ខណៈដែល Ronaldo បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៨១ ខណៈដែលក្រុម Juventus បានរក្សាការនាំមុខ ៦ពិន្ទុដាច់ នៅមុនពេលសម្រាកសម្រាប់យុទ្ធនាការអន្តរជាតិ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមសេះបង្កង់ Juventus ម្ចាស់ការពារតំណែងជើងឯក Serie A ៧សម័យកាល ស្តារមុខមាត់បានវិញ ក្រោយពីការរងបរាជ័យជាលើកទី១ របស់ពួកគេនៅរដូវកាលនេះ ក្រោមស្នាដៃក្រុម Man United ក្រោយពីបានរបូតគ្រាប់បាល់២គ្រាប់នៅជិតបញ្ចប់ការប្រកួត។

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «ការឈ្នះនៅរាត្រីនេះ គឺជាវិធីសាស្ត្រតែមួយក្នុងការបំភ្លេចនូវអ្វីដែលបានកើតឡើងនៅរយៈពេល៥នាទីចុងក្រោយនៃការប្រកួតក្របខ័ណ្ឌ Champions League។ វាពិតជាសំខាន់ណាស់ក្នុងការឈ្នះដោយគ្មានការបូតសូម្បីតែ១គ្រាប់ និងរក្សាការនាំមុខ៦ពិន្ទុដាច់លើក្រុម Napoli ដែលកំពុងតែមានទម្រង់លេងយ៉ាងល្អ»៕

ប្រភព៖ Channel News Asia
កីឡាករ Ronaldo រក្សាធ្វើឲ្យ Juventus មានពិន្ទុនាំមុខដាច់ ក្រោយពីយកឈ្នះលើ AC Milan
អត្ថបទទាក់ទង
