លោក Santiago Solari អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Real Madrid ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍ កាលពីថ្ងៃចន្ទ ក្រោយពីបានបង្កើតឲ្យមានការផ្លាស់ប្តូរក្នុងជោគវាសនារបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ចាប់តាំងពីលោកបានចូលកាន់តំណែងជំនួសកន្លែងរបស់លោក Julen Lopetegui។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានថ្លែងថា៖ «រាល់អ្វីៗទាំងអស់គឺមានសណ្តាប់ធ្នាប់។ ក្លិប Real Madrid បានធ្វើការលើកិច្ចសន្យារបស់លោក ហើយវាគ្មានបញ្ហាឡើយ»។ លោក Solari បានដឹកនាំឲ្យក្លិប Real Madrid ឈ្នះការប្រកួត ៤លើក ក្នុងចំណោមការប្រកួតទាំង ៤លើកចាប់តាំងពីត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកបណ្តោះអាសន្ត ក្រោយពីការបណ្តេញចេញលោក Lopetegui កាលពីខែមុន។ ក្រោយពីក្រុមរកបាន១៥គ្រាប់ និងរបូតគ្រាប់បាល់ត្រឹមតែ២គ្រាប់ លោកបានបង្កើតឲ្យមានការចាប់ផ្តើមយ៉ាងល្អបំផុតក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Real។

ក្រោយពីបានផ្តួលក្រុម Melilla ក្នុងការប្រកួតពាន Copa del Rey ពួកគេបានយកឈ្នះលើក្រុម Viktoria Plzen ៥-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅចន្លោះនៃការដណ្តើមបានជ័យជម្នះលើក្រុម Real Valladolid និង Celta Vigo ក្នុងការប្រកួតក្របខ័ណ្ឌ La Liga។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យក្រុម Real ដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាងលីក Barcelona ត្រឹមតែ ៤ពិន្ទុគត់ និងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League៕

ប្រភព៖ Channel News Asia