ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial បានដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិហូឡង់ និងអ៊ុយរូហ្គាយ ដោយសារតែបញ្ហារបួស។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់បារាំង កាលពីថ្ងៃចន្ទ។

កីឡាកររបស់ក្លិប Manchester United ទាំង២រូបនេះ បានធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់នៅ Clairefontaine របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ប៉ុន្តែ ត្រូវបានអនុញ្ញាតឲ្យចាកចេញវិញ ក្រោយពីការត្រួតពិនិត្យផ្សេងៗដោយវេជ្ជបណ្ឌិតប្រចាំក្រុមលោក Franck Le Gall។ Pogba ត្រូវបានពិនិត្យឃើញថា មានបញ្ហាសាច់ដុំនៅត្រង់ភ្លៅខាងឆ្វេងរបស់គេ ខណៈដែល Martial មានបញ្ហាហត្រង់សាច់ដុំទាញ។ ខ្សែបម្រើ Pogba បានអវត្តមានក្នុងពេលក្រុម Man United បានរងបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធ Martial បានលេងរយៈពេល៩០នាទីពេញ និងបានរកគ្រាប់បាល់ឲ្យក្រុម Man United ពីចំណុចពិន័យ១១ម៉ែត្រ ក្នុងតង់ទី២។

បញ្ហារបួសនេះ នឹងផ្តល់ការខកចិត្តដល់ Martial ដែលទើបតែបានឈ្នះកៅអីក្នុងក្រុមជម្រើសជាតិវិញ ក្រោយពីស៊ុតបាល់បញ្ចូលទី៦គ្រាប់ក្នុងការបង្ហាញខ្លួន៦លើកចុងក្រោយសម្រាប់ Man United។ កីឡាករទាំង២ត្រូវបានជំនួសដោយខ្សែបម្រើ Moussa Sissoko របស់ក្លិប Tottenham Hotspur និងខ្សែប្រយុទ្ធ Alexandre Lacazette របស់ Arsenal៕

ប្រភព៖ Channel News Asia
កីឡាករ Paul Pogba និង Martial ត្រូវបានលុបឈ្មោះចេញពីក្រុមបារាំង ដោយសារតែរបួស
អត្ថបទទាក់ទង
