លោក Santiago Solari កាលពីថ្ងៃអង្គារ ត្រូវបានប្រកាសថាជាគ្រូបង្វឹករបស់ក្លិប Real Madrid រហូតដល់ឆ្នាំ២០២១ ក្រោយពីការកាន់តំណែងប្រកបដោយភាពជោគជ័យក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ។

ក្លិបនេះបានប្រកាសឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រធានក្រុមប្រឹក្សារបស់ក្លិប Real Madrid បានប្រជុំគ្នានៅថ្ងៃនេះ និងបានសម្រេចចិត្តតែងតាំងគ្រូបង្វឹកបង្គោលលោក Santiago Solari ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២១»។ ការតែងតាំងលោក Solari ជាអ្នកជំនួសកន្លែងរបស់លោក Julen Lopetegui កើតឡើង ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងការប្រកួត ៤លើកដំបូងរបស់លោក។

ជាមួយនឹងការរកបានគ្រាប់បាល់បញ្ចូលទី១៥គ្រាប់ និងរបូតត្រឹមតែ២គ្រាប់ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៤២ឆ្នាំរូបនេះ បានបង្កើតឲ្យមានការចាប់ផ្តើមដ៏ល្អបំផុតសម្រាប់អ្នកចាត់ការទូទៅម្នាក់របស់ Real។ ក្រោយពីបានផ្តួលក្រុម Melilla ក្នុងពាន Copa del Rey ពួកគេបានយកឈ្នះ ៥-០ លើក្រុម Viktoria Plzen ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចន្លោះនៃការដណ្តើមបានជ័យជម្នះលើក្រុម Real Valladolid និង Celta Vigo ក្នុងការប្រកួតក្របខ័ណ្ឌ La Liga៕

ប្រភព៖ Channel News Asia