បរទេស​៖ ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​ឯក​ Champions League បាន​ផ្តួល​ក្រុម Eintracht Frankfurt ម្ចាស់​ជើង​ឯក Europa League ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃពុធ ដើម្បីលើក​ពាន UEFA Super Cup ជាលើក​ទី​៥ និងដើម្បី​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​របស់​ពួកគេ ជាមួយនឹង​​ការ​ឈ្នះពាន​១​រួច​ជាស្រេច​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅ​តង់ទី​១​ពីកីឡាករ David Alaba និង​​មួយ​គ្រាប់​ទៀត​ពី​ខ្សែ​ប្រយុទ្ធ Karim Benzema នៅ​នាទី ទី​៦៥ ដែល​បាន​ជួយ​ឲ្យ​​រូប​គេ​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​​គេ​ទី​២​របស់ Real តាមរយៈ​ការរក​បនា​គ្រាប់បាល់​សរុប​៣២៤គ្រាប់ បាន​បំពេញ​ការ​ឈ្នះ​​ពាន​សម្រាប់ក្រុម​យក្ស​អេ​ស្ប៉ាញ​មួយនេះ​តែម្តង​។ មាន​តែ​ Cristiano Ronaldo ដែល​រក​បាន​៤៥០​គ្រាប់ មាន​គ្រាប់​បាល់ច្រើន​ជាង Benzema សម្រាប់​ក្រុម Real។

លោក Carlo Ancelotti អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Real Madrid បាន​ប្រាប់​ទូរ​ទស្សន៍ Movistar TV ថា៖ «វា​មិនមែន​ជា​ការ​ប្រកួត​ដ៏​ងាយស្រួល​ឡើយ ដោយ​ពួក​គេ​បាន​ផ្តល់​ការ​លំបាក​នៅ​តំបន់​បម្រើ ប៉ុន្តែ យើង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ ហើយ​យើង​បាន​​គ្រប់គ្រង​ការ​ប្រកួត​យ៉ាងល្អ​បន្ទាប់​ពី​នោះ​»​។ គ្រូបង្វឹក​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​ចាប់​ផ្តើម​រដូវ​​កាល​នេះ អ្នក​មិនអាច​រំពឹង​ទុក កីឡាករ​ត្រៀម​ខ្លួន​បាន​១០០%​ឡើយ ប៉ុន្តែ យើង​បាន​ទទួល​ជ័យ​ជម្នះ ហើយ​យើង​បាន​ចាប់​ផ្តើម​រដូវ​កាល​នេះ​យ៉ាងល្អ​»​៕

ប្រភព​ព័ត៌​មាន៖ Channel news Asia