លោក Joachim Loew កំពុងតែត្រូវបានជំរុញឲ្យរក្សាការផ្តល់ឱកាសដល់កីឡាករយុវជនក្នុងការប្រកួតអន្តរជាតិចុងក្រោយក្នុងឆ្នាំ២០១៨នេះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលជួបជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ី និងហូឡង់ ស្របពេលដែលក្រុមរបស់លោកត្រូវប្រជែងគេចផុតឲ្យផុតពីការធ្លាក់ចេញក្នុង League A នៃយុទ្ធនាការនេះ។
ទាក់ទងនឹងការរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមម្ចាស់ជើងឯកពិភពលោក បារាំង នៅពេលដែលក្រុមយុវជនរបស់លោកបានចាញ់ក្នុងទីក្រុងប៉ារីស ដើម្បីស្ថិតនៅបាតតារាងនៃពូល Nations League របស់លោក លោក Loew បានទទួលស្គាល់ថា៖ «អ្នកតែងតែត្រូវការក្រុមកីឡាករចម្រុះដ៏ល្អមួយ ប៉ុន្តែ កីឡាករវ័យក្មេងបានបង្ហាញថា ពួកគេមានសក្តានុពល»។ ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះបានបង្ហើបថា កីឡាករពោរពេញដោយបទពិសោធរបស់លោកនៅតែមានអនាគតមួយអំឡុងពេលនៃការដឹកនាំរបស់លោក តាមរយៈការបញ្ជាក់ថា៖ «កីឡាករវ័យក្មេងទាំងនោះ មិនមានភាពចាស់ទុំគ្រប់គ្រាន់ឡើយ ពួកគេត្រូវការការណែនាំ ហើយកីឡាករវ័យចាស់នៅទីនោះដើម្បីជួយដល់ពួកគេ។ យើងមានរយៈពេល១ឆ្នាំដើម្បីត្រៀមខ្លួនសម្រាប់ Euro ឆ្នាំ២០២០ និងដើម្បីបញ្ចូលកីឡាករវ័យក្មេង»។
ទោះបីជាយ៉ាងណា លោក Loew ដែលនៅជាប់កិច្ចសន្យាក្នុងនាមជាគ្រូបង្វឹកបង្គោលដល់ឆ្នាំ២០២២នោះ មិនអាចគេចផុតពីការពិតថា ២០១៨ បានក្លាយជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ មិនធ្លាប់បានរងបរាជ័យចំនួន៦ប្រកួតក្នុងរយៈពេល១ឆ្នាំកាលពីមុនឡើយ៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia