បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ស្រប​ពេល​ដែល​លោក Joachim Loew គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ កំពុង​តែ​រង​នូវ​ការ​រិះ​គន់​នានា ខណៈ​ដែល​​លោក​នៅ​តែ​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ការ​ស្រោច​ស្រង់​ក្រុម​បន្ទាប់​ពីការ​ជួប​យុទ្ធនាការ World Cup យ៉ាង​ខក​ចិត្តក្នុង​ឆ្នាំ​២០១៨​។

បើ​ទោះ​បី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ហាក់​បាន​​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ក៏ដោយ ប៉ុន្តែ ពួក​គេ​មិន​បាន​ជួប​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​យុទ្ធនាការ Nations League ឡើយ ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផ​ល​ស្មើ​២លើក នៅ​ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ និង​ស្វ៊ីស និងបាន​យកឈ្នះ​ទាំង​​ប្រផិត​ប្រផើយ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន មុន​នឹង​​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​ទីក្រុង​ Cologne​។ ក្រុម​ប្រជុំ​ដោយ​តារាឆ្នើម​ៗ​របស់​អាល្លឺ​ម៉ង់ បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ក្នុង​ទីក្រុង​គៀវ កាលពីថ្ងៃ​សៅរ៍ ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​៣លើក​ជាប់​ៗ​គ្នា នៅ​ពេល​ដែល​ក្រុម​​អាល្លឺម៉ង់ បាន​របូត​គ្រាប់​បាល់​ទាំង​៣​គ្រាប់​នៅ​ក្នុង​តង់​ទី​២​។

នៅ​ថ្ងៃ​អង្គារ​នេះ កីឡាករ Toni Kroos នឹង​បង្ហាញខ្លួន​ជាលើក​ទី​១០០​របស់​គេ​សម្រាប់​​ក្រុម​អាល្លឺម៉ង់ ប៉ុន្តែ Julian Draxler, Marcel Halstenberg និង Lukas Klostermann សុទ្ធ​សឹង​មាន​បញ្ហា​របួស និង​ស្ថិត​ក្នុង​ភាព​មិនច្បាស់​ក្នុងការ​លេង​ក្នុង​ជម្រើស​ដំបូ​ង​។ បើ​ទោះ​បីមាន​បញ្ហា​​របួស និ​ង​មាន​សញ្ញា​ដ៏​គួរ​​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​ទីក្រុ​ង​គៀវ​ក៏ដោយ ប៉ុន្តែ លោក Loew គិត​ថា មាន​ការផ្លាស់​ប្តូរ​តិច​តួច​ប៉ុណ្ណោះក្នុងក្រុម​ជម្រើស​ទាំង​១១នាក់​ដំបូ​របស់​លោក​។ ស្រ​ប​ពេល​ដែល​យុទ្ធនាការ Euro ឆ្នាំ​២០២០ នៅ​សល់​រយៈ​ពេល​៨​ខែ​ទៀត លោក Loew បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មើល​ឃើញ​ពី​រូប​ភាព​ដ៏​ធំ​មួយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់ Euro​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia