បរទេស៖ ក្លិប​អាល្លឺ​ម៉ង់ និងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ ចាំ​បាច់​ត្រូវ​តែរៀន​ពី​ការ​ផ្លាស់​ប្តូរ ប្រសិនបើ​កីឡាករ​ចង់នៅ​តែ​រឹង​មាំ និង​មាន​សុខ​ភាព​ល្អ ក្នុង​កម្ម​វិធី​ប្រកួត​ដ៏​មមាញឹក និង​បង្ហាញ​ពី​កម្រិត​លេង​ក្នុង​កម្រិត​​កំពូល នៅក្នុង​ព្រឹត្តិ​​ការណ៍ Euro នៅ​​ឆ្នាំ​ក្រោយ​​។ នេះ​​បើយោង​ទៅ​តាម​​​គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​លោក Joachim Loew កាលពីថ្ងៃ​អង្គារ​។

ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​យ៉ាង​ច្បាស់​ទៅលើ​យុទ្ធនាការ Euro នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ពួក​គេ​ចង់​ស្តារ​មុខមាត់​ពីការ​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨​។ លោក Loew បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «សម្រាប់​កីឡាករ ​រដូវ​កាល​នេះ នឹង​ក្លាយ​ជា​​រដូវ​កាល​មួយ​ក្នុង​ចំណោម​រដូវ​កាល​ដ៏​មមាញឹក​បំផុត​។ យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​ចុះ​ឡើង ប្រសិន​បើ​កីឡាករ​ចង់​នៅ​តែ​បន្ត​លេងក្នុងកម្រិតកំពូល ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​យុទ្ធនាការ​នៅ​ឆ្នាំក្រោយ​»​។

អាល្លឺ​ម៉ង់ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​ជម្រើស​ជាតិ​តួក​គី នៅ​រាត្រី​នេះ នៅមុន​ពេល​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​អ៊ុយ​ក្រែន នៅ​ថ្ងៃ​ទី​១០ ខែតុលា ហើយ​បន្ទាប់​មក ធ្វើ​ជាម្ចាស់​ផ្ទះ ទទួលក្រុម​ស្វ៊ីស ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ក្រោយ​មក នៅ​ក្នុង​ពាន Nations League៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia