បរទេស៖ លោក Joachim Loew ត្រូវ​តែ​ដោះ​ស្រាយ​វិបត្តិក្នុ​ង​តំបន់​ការ​ពារ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ សម្រាប់​ការ​ប្រកួត​៣លើក​ចុងក្រោយ​នៅឆ្នាំ​២០២០​នេះ ប៉ុន្តែ ខ្សែ​ការ​ពារ​ពោរពេញ​ដោយ​បទពិសោធ Mats Hummels និង Jerome Boateng នៅ​តែ​ស្ថិត​នៅក្រៅ​ជម្រើស​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​សា​ធារណ​រដ្ឋ​ឆែក នៅក្នុង​ទីក្រុង Leipzig នៅ​រាត្រីនេះ នៅមុន​ពេល​ការ​ប្រកួត​ដណ្តើម​ពាន Nations League លើ​ទឹកដី​ខ្លួន​ឯង​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន នៅ​ថ្ងៃ​សៅរ៍ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៣-៣ ក្នុង​ទីក្រុង Cologne កាលពី​ពាក់​កណ្តាល​ខែ​តុលា ពោល​គឺ​ត្រឹម​តែ​រយៈពេល​៦​ថ្ងៃ ក្រោយ​ពីក្រុម​ជម្រើស​ជាតិ​តួក​គី ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ ទទួល​​បានលទ្ធផល​ស្មើ ៣-៣ ក្នុង​ការ​ប្រកួតមិត្ត​ភាព​ផងដែរ​។ ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ ​អាល្លឺ​ម៉ង់ បាន​បរបូត​គ្រាប់បាល់​៩​គ្រាប់​ក្នុងការ​ប្រកួត​៥​លើក​ចុងក្រោយ​។

ដោយ​មិន​ធ្វើ​ការ​កោះហៅ Boateng និង Hummels លោក Loew បានប​ញ្ជាក់​កាលពីថ្ងៃ​អង្គារថា ខ្សែការ​ពារ Antonio Ruediger របស់​ក្លិប Chelsea និង Robin Koch ដែល​ក៏លេង​ឲ្យ​ក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្លិប Leeds United នោះ នឹង​​ចាប់​ដៃគូ​គ្នា​នៅ​តំបន់ការ​ពារ​កណ្តាល ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ឆែក​។ ជាមួយ​គ្នា​នេះ កីឡាករ Niklas Suele ដែល​ជា​ជម្រើស​ដ៏​ទៀង​ទាត់​របស់​លោក Loew នៅ​តំបន់​ការ​ពារ នឹង​ត្រូវ​អវត្តមាន​ដោយ​សារ​តែ​ឆ្លង​វីរុស​កូរ៉ូ​ណា​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia