លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានព្រមានថា ក្រុមកំពុងនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ នៅតែមានការងារក្នុងការធ្វើ ខណៈដែលពួកគេព្យាយាមដណ្តើមយកកៅអីមួយទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ក្រុម Man City នឹងឈ្នះកៅអីទៅវគ្គបន្តសម្រាប់ឆ្នាំទី៦ជាប់ៗគ្នា តាមរយៈការបញ្ចប់ត្រឹមស្មើនៅលើទឹកដីក្រុម Lyon ស្របពេលដែលការដណ្តើមបានជ័យជម្នះនឹងធ្វើឲ្យពួកគេបញ្ចប់ដោយការឈរលេខ១ក្នុងពូល F ខណៈនៅសល់១ប្រកួតក្នុងដៃ។ ក្រុមរបស់លោក Guardiola បានរងបរាជ័យ ២-១ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Lyon ក្នុងការប្រកួតបើកឆាករបស់ពួកគេ កាលពីខែកញ្ញា ប៉ុន្តែ Man City បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញយ៉ាងកក់ក្តៅ ក្រោយពីឈ្នះ១២ប្រកួត ក្នុងចំណោមការប្រកួត១៣លើកចុងក្រោយរបស់ពួកគេ ចាប់តាំងពីការចាញ់តែ១លើកនៅរដូវកាលនេះ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌ មាននាកីឡដ្ឋាន Groupama កាលពីថ្ងៃចន្ទថា៖ «នៅពេលដែលអ្នកចាត់ការប្រកួតទី១របស់អ្នកនៅលើទឹកដីខ្លួនឯង ការប្រកួតវគ្គចែកពូលនឹងមានភាពស្វិតស្វាញ។ យើងបានធ្វើការងាររបស់យើងតាមរយៈការឈ្នះការប្រកួត៣លើកបន្ទាប់ ហើយបច្ចុប្បន្ន យើងត្រូវព្យាយាមគេចពីការធ្វើដំណើរទៅកាន់ការប្រកួតចុងក្រោយ ដោយត្រូវការឈ្នះការប្រកួតនោះដើម្បីឈ្នះកៅអីទៅវគ្គបន្ត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងបានបញ្ចេញប្រតិកម្មយ៉ាងល្អ ប៉ុន្តែ ការងាររបស់យើងមិនទាន់ចប់នៅឡើយទេ។ យើងត្រូវតែឈ្នះការប្រកួត១ទៀតដើម្បីទៅវគ្គបន្ត ហើយជាការរំពឹងទុក នៅថ្ងៃស្អែកនេះ យើងអាចធ្វើបាន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Channel News Asia