លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United ចង់ឲ្យក្រុមរបស់លោកផ្តោតលើការប្រកួតជាមួយនឹងក្រុម Young Boys ចាប់តាំងពីនាទីដំបូង នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមរបស់ស្វ៊ីសមួយនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Old Trafford នៅរាត្រីនេះ។

ប្រសិនបើ Man United ឈ្នះ ហើយក្រុម Valencia មិនអាចយកឈ្នះលើក្រុម Juventus ពួកគេនឹងឈ្នះកៅអីទៅលេងក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលនៅសល់ ១ប្រកួតក្នុងដៃ។ លោក Mourinho បានរិះគន់ក្រុម Man United ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើរបស់ពួកគេជាមួយនឹងក្រុម Crystal Palace ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន ដោយចោទប្រកាន់កីឡាកររបស់លោកពីការខ្វះ «បេះដូង» ក្រោយពីពួកគេត្រូវបានស្រែកចំអកឲ្យនៅលើទីលានប្រកួត ដោយអ្នកគាំទ្ររបស់ពួកគេ នាកីឡដ្ឋាន Old Trafford។

លទ្ធផលស្មើនេះ បានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នៅលើតារាង ដែលឆ្ងាយពីចំណាត់ថ្នាក់ត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ បន្ទាប់មក លោកបានព្រមានថា ការបង្ហាញពីទម្រង់លេងមិនបានល្អមួយផ្សេងទៀតពេលជួបក្រុម Youngs Boys នឹងតម្រូវឲ្យក្រុម Man United ត្រូវធ្វើដំណើរទៅកាន់អេស្ប៉ាញ និងផ្តួលក្រុម Valencia ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃពូល H ប្រសិនបើពួកគេចង់រក្សាវត្តមានក្នុងយុទ្ធនាការនេះ។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃចន្ទ លោក Mourinho បានឲ្យដឹងថា៖ «វាពិតជាខកចិត្តណាស់ពីព្រោះអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យក្រុមនេះចាប់ផ្តើមឲ្យបានខ្លាំង រឹងមាំចំពោះគូប្រកួត មិនមែនរង់ចាំឡើយ។ វាមិនមែនជាការប្រកួតដ៏សំខាន់ឡើយ ប៉ុន្តែ ខ្ញុំចង់ឲ្យពួកគេចាត់ទុកថា វាជាឱកាសចុងក្រោយក្នុងការឈានទៅវគ្គបន្ត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ News Channel Asia