ខ្សែបម្រើដ៏មានឥទ្ធិពល Christian Eriksen បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយរក្សាធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុម Tottenham នៅតែបន្តសម្រាប់ការឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់តារាឆ្នើមអន្តរជាតិដាណឺម៉ាករូបនេះ បានជួយឲ្យក្រុមខ្លួនយកឈ្នះ ១-០ លើក្រុម Inter Milan កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Mauricio Pochettino នៅសល់ត្រឹមតែ ១០នាទីប៉ុណ្ណោះក្នុងការធ្លាក់ចេញត្រឹមវគ្គចែកពូល ខណៈដែលពួកគេបានជួបការលំបាកក្នុងការទម្លុះតំបន់ការពារដ៏រឹងមាំរបស់ក្រុម Inter នាកីឡដ្ឋាន Wembley។ ប៉ុន្តែ Eriksen ដែលត្រូវបានដាក់ឲ្យលេងក្នុងនាមជាកីឡាករបម្រុងដ៏មិននឹកស្មានដល់ដោយលោក Pochettino នោះ បានចូលទៅសង្គ្រោះក្រុម Tottenham នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីដើម្បីធ្វើឲ្យការប្រជែងយកកៅអីក្នុងពូល B ឈានដល់ការប្រកួតចុងក្រោយ។

វាបានក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ខណៈដែលក្រុម Tottenham ត្រូវតែដណ្តើមយកជ័យជម្នះដើម្បីគេចឲ្យផុតពីការធ្លាក់ចេញត្រឹមវគ្គចែកពូលក្នុងរដូវកាលជាលើកទី២ជាប់ៗគ្នា។ ក្រោយពីដណ្តើមបាន ១ពិន្ទុពីការប្រកួតបើកឆាកទាំង ៣ប្រកួតរបស់ពួកគេ ក្រុម Tottenham បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងរយៈពេល ១២នាទី ដើម្បីគេចផុតពីការធ្លាក់ចេញ ពេលជួបក្រុម PSV Eindhoven កាលពីដើមខែនេះ៕

លទ្ធផលពីការប្រកួត UEFA Champions League វគ្គចែកពូលកាលពីថ្ងៃពុធ:

Atletico Madrid 2 Monaco 0
Borussia Dortmund 0 Club Brugge 0
Tottenham 1 Inter Milan 0
PSV Eindhoven 1 Barcelona 2
Napoli 3 Red Star Belgrade 1
Paris Saint-Germain 2 Liverpool 1
Lokomotiv Moscow 2 Galatasaray 0
Porto 3 Schalke 1

ប្រភពព័ត៌មាន៖ Channel News Asia