Lionel Messi បានផ្តួលកីឡាករ Cristiano Ronaldo ក្នុងនាមជាខ្សែប្រយុទ្ធ ដែលមានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League សម្រាប់ក្លឹបតែមួយ។មានន័យថា Messi ស៊ុតបាល់បញ្ចូលទីគ្រាប់ទី១០៦ នៅក្របខណ្ឌលីកកំពូលអឺរ៉ុប សម្រាប់ក្រុម Barcelona ផ្តួលក្រុម PSV Eindhoven កាលពីរាត្រីថ្ងៃពុធជាមួយនិងជ័យជម្នះ ២-១។

លទ្ធផលនេះបានធ្វើអោយខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣១ឆ្នាំរូបនេះបានយកឈ្នះគូប្រជែងដ៏យូរអង្វែងគឺ Ronaldo ដែលបានរកគ្រាប់បាល់បញ្ចូលទី ១០៥គ្រាប់សម្រាប់ក្លឹប Real Madrid ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨ មុនពេលចាកចេញទៅចូលរួមជាមួយក្រុមយក្សអ៊ីតាលី Juventus កាលពីរដូវក្តៅកន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo នៅតែជាកំពូលកីឡាករដែលរកបាន គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ (១២១គ្រាប់) នៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Champions League ស្របពេលដែល Messi រកបានត្រឹមតែ ១០៦គ្រាប់នៅឡើយ ។

Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានបង្កើតកំនត់ត្រាប្រវត្តិសាស្ត្រនៅក្របខ័ណ្ឌ Champions League នៅសប្តាហ៍នេះដោយបានក្លាយជាកីឡាករដំបូងបង្អស់ដែលបានទទួលជ័យលាភីសរុបចំនួន ១០០ប្រកួត ក្នុងអាជីពជាមួយក្រុម Manchester United, Real Madrid និង Juventus នាពេលកន្លងមក ។សម្រាប់ ក្រុមដែលបច្ចុប្បន្ន Messi កំពុងលេង Barcelona និងក្រុម Juventus របស់ Ronaldo ទាំងពីរក្រុមសុទ្ធតែបានកក់កៅអីរបស់ពួកគេនៅវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League បន្តទៀតផងដែរ។

ប្រភព៖ sportbible