បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី ប៉ុន្តែ ក្រុម Paris Saint-Germain បានបង្ខំឲ្យជួបលំបាក មុននឹងដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Kawasaki Frontale កាលពីថ្ងៃពុធ ក្នុងការប្រកួតទី១នៃយុទ្ធនាការមុនបើករដូវកាលរបស់ពួកគេ នៅលើទឹកដីជប៉ុន។
តារាឆ្នើមទាំង៣ Messi, Neymar និង Kylian Mbappe សុទ្ធសឹងបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង សម្រាប់ PSG នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករចំនួន៦៥០០០នាក់ នាកីឡដ្ឋានជាតិនៅទីក្រុងតូក្យូ។ Messi បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៣២ ប៉ុន្តែក្រុម PSG ដែលមានការផ្លាស់ប្តូរច្រើនក្នុងជម្រើសទាំង១១នាក់ដំបូង បានរកគ្រាប់តែ១គ្រាប់ទៀតប៉ុណ្ណោះនៅតង់ទី២ តាមរយៈកីឡករបម្រុង Arnaud Kalimuendo។ ក្រុម Kawasaki ដែលជាម្ចាស់ជើងឯកជប៉ុន បានវាយបក១គ្រាប់វិញនៅនាទី ទី៨៤ នៅពេលដែលកីឡាករ Kazuya Yamamura បានតែតបាល់បញ្ចូលទីយ៉ាងល្អ។
អ្នកចាត់ការទូទៅរបស់ PSG លោក Christophe Galtier ដែលបានផ្ទេរមកពីក្លិប Nice បានសម្តែងការរីករាយចំពោះលទ្ធផលនេះ ពេលប្រកួតជាមួយនឹងក្រុមមួយដែលកំពុងតែលេងក្នុងរដូវកាលលីគក្នុងស្រុករបស់ពួកគេ។ លោកបានឲ្យដឹងថា៖ «មានចំណុចល្អជាច្រើនពីការប្រកួតនេះ ក៏ដូចជាភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ»៕
ប្រភពព័ត៌មាន៖ Channel News Asia