លោក Unai Emery បានចាត់ទុកការដណ្តើមបានជ័យជម្នះដ៏រំភើបរបស់ក្រុម Arsenal ក្នុងលទ្ធផល ៤-២ លើក្រុម Tottenham ជាការបង្ហាញពីការតាំងចិត្តមួយពីក្រុមរបស់លោក កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់ក្រុម Emery បានបន្តកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនរហូតដល់ទៅ ១៩ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់ ក្រោយពីបំពេញការវាយបកពីការដេញតាមពីក្រោយ ២-១ ក្នុងការប្រកួតដ៏រំភើបបំផុតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលមកទល់ពេលនេះ។ គ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យក្រុម Arsenal នាំមុខមុន នៅមុនពេលគ្រាប់បាល់របស់ខ្សែការពារ Eric Dier និងខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្រុម Tottenham នាំមុខវិញ ត្រឹមតង់ទី១ នាកីឡដ្ឋាន Emirates។ ការអបអរបែបចំអករបស់ Dier បានបង្កើតឲ្យមានជម្លោះនៅលើខ្សែបន្ទាត់ក្បែរទីលានប្រកួត ជាមួយនឹងកីឡាករបម្រុងរបស់ក្រុម Arsenal។

ប៉ុន្តែ ភាពរីករាយនោះបានបញ្ចប់ ខណៈដែលការស៊ុតបាល់តាមស្មើពីចម្ងាយរបស់ Aubameyang បានបង្កើតឲ្យមានការវាយបកដ៏មិននឹកស្មានដល់ក្នុងតង់ទី២ពីសំណាក់ក្រុម Arsenal។ Alexandre Lacazette បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខវិញ ហើយកីឡាករ Lucas Torreira បានបំពេញជ័យជម្នះរបស់ក្រុមខ្លួនជាមួយនឹងគ្រាប់បាល់ទី១របស់គេសម្រាប់ក្លិបនេះ។ លោក Emery បានឲ្យដឹងថា៖ «វាគឺជាការប្រកួតដ៏ធំមួយសម្រាប់ការជឿជាក់របស់យើង។ បច្ចុប្បន្ន យើងត្រូវតែបន្តដំណើរឆ្ពោះទៅមុខរបស់យើង។ វាគឺជាជ័យជម្នះដ៏ធំមួយ។ យើងផ្តល់ឲ្យអ្នកគាំទ្ររបស់យើងនូវភាពរំភើបនេះ ពីព្រោះវាជាការប្រកួតដ៏ពិសេសមួយជាមួយនឹងក្រុម Tottenham»៕

ប្រភព៖ Channel News Asia