អតីតខ្សែការពារដ៏មានបទពិសោធន៏របស់ក្រុមកាំភ្លើងធំ Arsenal លោក Lauren បានប្រាប់ Sportingbet ថា ខ្ញុំគិតថា Arsenal គួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីចុះហត្ថលេខានាំយកកីឡាករខ្សែប្រយុទ្ធស្លាប Ousmane Dembele ពីក្រុម Barcelona មករួមក្រុម។ Dembele បានចុះកុងត្រាជាមួយក្លិប Barcelona ក្នុងតំលៃ ១៣៥,៥លានផោនពីក្លឹប Borussia Dortmund កាលពីឆ្នាំមុននោះបានខិតខំប្រឹងប្រែងសម្របខ្លួនទៅនឹងការរស់នៅនៅ Camp Nou ហើយមានពត៌មានលើកឡើងជាមួយនឹងការផ្លាស់ប្តូរចេញក្រោយរងបញ្ហារបួសញឹកញាប់នៅរដូវកាលដំបូង។

របាយការណ៍បានអះអាងផងដែរថាកីឡាករវ័យក្មេងរបស់ក្លឹប Barcelona មានការព្រួយបារម្ភលើអនាគតរបស់ខ្លួនទោះបីជារូបគេបានធូរស្បើយពីរបួសនិងវិលត្រឡប់មកលេងវិញជាទៀងទាត់ដើម្បីហ្វឹកហាត់ ហើយបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងបានជាញឹកញាប់នៅរដូវកាលថ្មីនេះ។ក្រោយលើកឡើងពីទស្សនៈផ្ទាល់ខ្លួនសម្រាប់គ្រូបង្វឹកថ្មីលោក Emery កីឡាករអន្តរជាតិកាមេរ៉ូន Lauren បច្ចុប្បន្នមានវ័យ ៤១ឆ្នាំ ដែលជាអតីតខ្សែការពារស្តាំជំនាន់អតីតគ្រូបង្វឹកបារាំងលោក Arsene Wenger មានជំនឿថា កីឡាករអន្តរជាតិបារាំងរូបនេះនឹងក្លាយជាកីឡាករឆ្នើមសម្រាប់ក្រុមលោក Unai Emery នាពេលអនាគត ប្រសិនជាក្រុមអាចនាំរូបគេមកកាន់ទឹកដី Emirate Stadium បាន។

Lauren បន្តថាៈ របៀបលេងរបស់ Dembele ត្រូវគ្នានឹងអ្វីដែល Arsenal កំពុងស្វែងរក។ គាត់មិនទាន់ដល់ពេលលេងនៅក្នុងទីក្រុងបាសេឡូណាឬកំពុងលេងនៅក្នុងទីតាំងដ៏រឹងមាំរបស់គាត់ទេ ប៉ុន្តែកម្លាំងរបស់ Arsenal នឹងអនុញ្ញាតឱ្យគាត់វិវឌ្ឍខ្លួនដើម្បីឈានដល់ចំនុចកំពុលនាពេលខាងមុខ។

ប្រភព៖ Metro