ក្រុមហង្សក្រហម Liverpool បានរក្សាការដេញតាមពីក្រោយក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League គឺ Manchester City ចំនួន ២ពិន្ទុ តាមរយៈការវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Burnley ក្នុងលទ្ធផល ៣-១ ស្របពេលក្រុម Manchester United និង Arsenal បានជួបការខកចិត្តដូចគ្នា ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នាកីឡដ្ឋាន Old Trafford។

ក្រុម Wolves ក៏បានវាយបកដេញតាមពីក្រោយ ដើម្បីធ្វើឲ្យក្រុម Chelsea រងបរាជ័យជាលើកទី២នៅរដូវកាលនេះផងដែរ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Molineux ដើម្បីអនុញ្ញាតឲ្យក្រុម Tottenham ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញ ក្រោយពីបានយកឈ្នះលើក្រុម Southampton យ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-១។

ស្របពេលដែលក្រុម Man City បានរក្សាការនាំមុខរបស់ខ្លួននៅលើកំពូលតារាង ក្រុម Liverpool មិនអាចភ្លាត់ស្នៀតបានឡើយ នាកីឡដ្ឋាន Turf Moor បើទោះបីលោក Jurgen Klopp បានផ្លាស់ប្តូរកីឡាករ ៧នាក់ ខណៈដែលខ្សែប្រយុទ្ធ Mohamed Salah និង Roberto Firmino ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុង ហើយតារាឆ្នើម Sadio Mane បានអវត្តមានដោយសារតែបញ្ហារបួសក៏ដោយ។ ភាពមុតស្រួចរបស់ពួកគេបានបាត់បង់ ខណៈដែល Liverpool បានជួបការលំបាកក្នុងតង់ទី១ និងបានរបូតគ្រាប់បាល់នៅដើមតង់ទី២។ ការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Alisson Becker បានជួយឲ្យក្រុម Burnley រកបានគ្រាប់បាល់បើកឆាក មុននឹងធ្វើការវាយបកដើម្បីរកគ្រាប់បាល់តាមស្មើវិញនៅនាទី ទី៦២ ហើយពួកគេបានរកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះរបស់ខ្លួនតែម្តង៕

ប្រភព៖ Channel News Asia