ក្មេងប្រុសអាហ្វហ្គានីស្ថានវ័យក្មេងម្នាក់ដែលធ្លាប់ត្រូវបានគេស្គាល់តាមរយៈបណ្តាញអនឡាញដ៏ល្បីល្បាញដោយសារការលះបង់ និងក្តីស្រលាញ់សម្រាប់កីឡាករបាល់ទាត់ Lionel Messi ត្រូវបានបង្ខំចិត្តចេញពីផ្ទះរបស់ខ្លួនជាមួយក្រុមគ្រួសាររបស់គេជាលើកទី២។ កុមារ Murtaza Ahmadi បច្ចុប្បន្នមានវ័យ ៧ឆ្នាំ និងរំលឹកដល់អតីតកាលកំលុងឆ្នាំ២០១៦ រូបគេត្រូវបានមជ្ឈដ្ឋានអ្នកស្នេហាបាល់ទាត់មានការភ្ញាក់ផ្អើល និងកោតសរសើរបន្ទាប់ពីរូបគេត្រូវបាន ថតរូបក្នុងន័យគាំទ្រ និងស្រលាញ់ខ្លាំងដោយបានធ្វើសំលៀកបំពាក់ឯកសណ្ឋានរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនព្រមជាមួយនិងអាវលេខ១០របស់ Messi កែច្នៃធ្វើឡើងពីថង់ប្លាស្ទិក។ ក្រោយមកទៀតកុមារ Ahmadi បានជួបតារាឆ្នើម(Idol)Lionel Messi របស់ខ្លួននៅទីក្រុងកាតាដោយជោគជ័យ។

ក្រុមគ្រួសាររបស់កុមាររូបនេះបាននិយាយថា ឥឡូវនេះពួកគេបានបោះបង់ចោលផ្ទះរបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីទទួលបានការគំរាមពីពួកឧទ្ទាមតាលីបង់។

បច្ចុប្បន្នគ្រួសារ Ahmadi កំពុងរស់នៅក្នុងខេត្ត Ghazni ភាគអាគ្នេយ៍ដែលពួកសកម្មប្រយុទ្ធកំពុងកំណត់គោលដៅរត់គេចខ្លួនទៅកាន់រដ្ឋធានីកាប៊ុល។ យោងតាមភ្នាក់ងារព័ត៌មាន AFP ថាគ្រួសារ Ahmadi បានស្វែងរកកន្លែងជ្រកកោនរយៈពេលខ្លីនៅប៉ាគីស្ថាននៅឆ្នាំ២០១៦ ម្តងរួចមកហើយ ប៉ុន្តែបានត្រឡប់មកវិញនៅពេលដែលពួកគេអស់លទ្ធភាព(លុយ)។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc