ខ្សែប្រយុទ្ធ Neymar នឹងត្រូវចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតដ៏សំខាន់នៃក្របខ័ណ្ឌ Champions League របស់ក្រុម Paris Saint-Germain នៅលើទឹកដីក្រុម Red Star Belgrade ប្រសិនបើរូបគេមិនមានបញ្ហាអ្វីក្នុងពេលហ្វឹកហាត់មុនការប្រកួត។ នេះបើយោងទៅតាមលោកគ្រូបង្វឹក Thomas Tuchel កាលពីថ្ងៃចន្ទ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «ខ្ញុំគិតថា ប្រសិនបើការហ្វឹកហាត់ដំណើរការល្អនៅថ្ងៃនេះ (ថ្ងៃចន្ទ) នោះវាពិតណាស់ថា រូបគេនឹងចូលលេង»។ កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោករូបនេះ ត្រូវបានប្តូរចេញយ៉ាងឆាប់រហ័សក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Bordeaux កាលពីថ្ងៃទី២ ខែធ្នូ ក្រោយពីជួបបញ្ហារបួសចាស់ គឺការឈឺចុកចាប់នៅត្រង់ក្រលៀន ដែលរូបគេធ្លាប់បានរងរបួសក្នុងពេលក្រុមជម្រើសជាតិប្រេស៊ីល ប៉ះជាមួយនឹងក្រុមជម្រើសជាតិកាមេរូន កាលពីខែវិច្ឆិកា។ តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ អាចនឹងចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង រួមជាមួយនឹងតារាឆ្នើមអន្តរជាតិបារាំង Kylian Mbappe ដើម្បីបង្កើតភាពរឹងមាំក្នុងតំបន់ប្រយុទ្ធសម្រាប់ក្រុម PSG។

Mbappe បានកើតកោតសរសើរសមត្ថភាពរបស់ Neymar ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។ ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «វាពិតជាការមានប្រៀបដ៏ធំមួយសម្រាប់យើង។ យើងនឹងរង់ចាំមើលនៅថ្ងៃអង្គារ នូវរាល់គុណភាពដែលរូបគេមាន។ រូបគេនឹងបង្ហាញវត្តមាន ហើយគេនឹងបង្ហាញពីគុណភាពរបស់គេតាមរយៈការជួយយើងឲ្យឈ្នះ»។ ក្រុម PSG ត្រូវតែដណ្តើមឲ្យបានជ័យជម្នះលើទឹកដីស៊ែប៊ី នៅរាត្រីថ្ងៃអង្គារនេះ ប្រសិនបើពួកគេចង់មានសុវត្ថិភាពក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុម Red Star មិនទាន់ស្គាល់ចាញ់លើទឹកដីខ្លួនឯងនៅឡើយទេ និងមិនរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Rajko Mitic។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Channel News Asia