បរទេស៖ ការ​វិល​ត្រឡប់​របស់ Romelu Lukaku ទៅកាន់​ក្លិប Inter Milan វិញ​នៅ​រដូវក្តៅ​នេះ បាន​បើក​ចំហរ​ទ្វា​ដល់​ខ្សែ​ប្រយុទ្ធ​ផ្សេង​ទៀត​ក្នុង​ការ​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge ជំនួស​វិញ​នៅ​រដូវក្តៅនេះ ហើយ Neymar បច្ចុប្បន្ន​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ជម្រើស​​ទី​១​។ អនា​គត​របស់ Neymar ហាក់​ស្ថិតក្នុង​ភាពមិនច្បាស់​ឡើយ​នៅ​ពេលនេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​​រូបនេះ អាច​នឹង​ត្រូវ​ចាក​ចេញ​។

លោក Nasser Al-Khelaifi ប្រធានក្លិប PSG មិន​បាន​ប្រកាស​ពីអនា​គត​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិប្រេស៊ីល​រូបនេះ​ឡើយ ក្រោម​គម្រោង​ថ្មី​របស់​លោក ដែល​ក្នុងនោះ​តម្រូវ​ឲ្យ​កីឡាករ​មួយ​ចំនួន​ចាក​ចេញ និង​កីឡាករ​ថ្មី​មួយ​ចំនួន​ចូលរួម​ជំនួស​វិញ​។ លោក Al-Khelaifi ត្រូវ​​បាន​គេ​ដក​ស្រង់​សម្តី​ក្នុង​ពេល​សម្ភាសន៍​ជាមួយនឹង​កា​សែត Marca ថា៖ «Neymar គឺ​ជាផ្នែក​មួយ​នៃ​គម្រោង​ថ្មី​ ឬ​អត់? យើង​មិន​អាច​និយាយ​ដោយ​សារធារណៈ​អំពី​ករណីនេះឡើយ ស្រប​ពេល​ដែលកីឡាករ​មួយ​ចំនួន​នឹង​ចូលរួម​ជាមួយនឹង​ក្លិប​នេះ ហើយ​កីឡាករ​មួយ​ចំនួន​នឹង​ចាកចេញ​។ ទាំង​នេះ គឺ​ជា​ការ​ចរចា​ជា​​លក្ខណៈ​ឯក​ជន​»​។

ប៉ុន្តែ កា​សែត​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe បាន​ចេញផ្សាយ​ព័ត៌មាន​ថា តា​រាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ នឹង​បន្ត​នៅ​ជាមួយនឹងក្លិប PSG  រយៈពេល​១​ឆ្នាំ​ទៀត នៅ​ពេល​ដែល​លក្ខខណ្ឌ​ក្នុង​កិច្ច​សន្យា​របស់​គេ​ ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា​៕

 

ប្រភព​ព័ត៌​មាន៖ Worldsoccertalk