Cristiano Ronaldo កំពូលតារាបាល់ទាត់របស់ក្រុម Juventus បានបើកចំហរចំពោះគំនិតសម្រាប់គូប្រជែង ដ៏យូរអង្វែងគឺតារាឆ្នើម Messi ខ្សែប្រយុទ្ធក្លឹបBarcelona ក្នុងការផ្លាស់មកលេងនៅក្របខ័ណ្ឌកំពូលអ៊ីតាលី SerieA នៅថ្ងៃណាមួយនោះ។ តារាវ័យ ៣៣ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានស្នើនិងលើកឡើងជាសាធារណៈ ថា Lionel Messi អាចនឹងត្រូវការពេលវេលាបន្ថែមទៀតបន្ទាប់ពីចំណាយពេលជាងមួយទសវត្សនៅក្លឹប Barcelona ខណៈដែលអតីតខ្សែប្រយុទ្ធស្លាបក្រុម Real Madrid រូបនេះបានអញ្ជើញគូប្រជែងយូរអង្វែងក្នុងអាជីពរបស់ខ្លួនឱ្យផ្ទេរមកចូលរួមជាមួយរូបគេនៅក្របខ័ណ្ឌលីកកំពូលអ៊ីតាលីឯនេះវិញ។

ខ្សែប្រយុទ្ធទាំង ២រូប Messi, Ronaldo បានក្លាយជាកីឡាករឆ្នើមនិងលេចធ្លោបំផុតចំណោមកីឡាករដ៏អស្ចារ្យក្នុងពិភពបាល់ទាត់ ក្រោយពីបានចំណាយពេល ៩ឆ្នាំដើម្បីប្រកួតប្រជែងគ្នា នៅអេស្ប៉ាញក្រោយពី Ronaldo ផ្ទេរពីក្រុម Man.United មកកាន់កីឡាដ្ឋាន Estadio Santigo Bernabeu និងមុនពេល របស់ Ronaldo សម្រេចចិត្ត ចាកចេញពីក្រុម Real Madrid ទៅកាន់ក្លឹបមានមូលដ្ឋាននៅទីក្រុង Turin គឺ Juventus នៅក្នុងកិច្ចព្រមព្រៀង ១០០លានផោន (៩០ លានផោន / ១១៤ លានដុល្លារអាមេរិក) ដែលធ្វើអោយកីឡាករទាំងពីរអស់ឪកាសក្នុងការប្រកួតប្រជែងគ្នាសម្រាប់លីកកំពូលក្នុងស្រុក។

Messi ហាក់មិនមានចេតនាចង់ចាកចេញពីក្លឹបដែលរូបគេបានចាប់ផ្តើមអាជីពក្នុងនាមថ្នាលយុវជនដំបូងនៅឆ្នាំ២០០៣ ប៉ុន្តែ Ronaldo បានបង្ហាញការស្វាគមន៏ Messi និងជួបគ្នាសាជាថ្មីម្តងទៀតនៅប្រទេសអ៊ីតាលី។ Ronaldo បានប្រាប់ Gazzetta dello Sport នៅពេលសួរថាតើគាត់នឹកដល់គូប្រជែង Messi ដែរឬទេ? តារាបាល់ទាត់មានកូន៤រូបនេះ បានឆ្លើយថា: Messi ប្រហែលជាគាត់នឹកខ្ញុំ។ ខ្ញុំបានចូលប្រឡូកបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី និង ព័រទុយហ្គាល់នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ខណៈពេលដែលគាត់បានចំណាយពេលច្រើនបំផុតតែលីកកំពូល ក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះ។ សម្រាប់ខ្ញុំជីវិតគឺជាការប្រជែងមួយ ហើយខ្ញុំចូលចិត្តវា និងចង់ធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត។ ការពិតខ្ញុំចង់ឱ្យគាត់មកលេងនៅប្រទេសអ៊ីតាលីក្នុងថ្ងៃណាមួយ។ ដូចខ្ញុំសូមទទួលយកការប្រកួតប្រជែងដោយគ្មានលក្ខ័ណ្ឌ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់សប្បាយចិត្តនៅទីនោះខ្ញុំគោរពការសម្រេចចិត្តរបស់គាត់។

នេះខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid បានទទួលនូវពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងឆ្នាំនេះ ដោយបានឈ្នះពាន FIFA Best Ball និង Golden Ball ព្រមទាំងពានបាល់មាស ២០១៨ Ballon d’Or ដែល ជាការបញ្ចប់រជ្ជកាល រយៈពេលមួយទសវត្សរ៍កន្លងមកនេះរបស់ Ronaldo និង Messi។ ទោះបីជាបានបង្ហាញ សញ្ញានៃការថយចុះនេះក្តីប៉ុន្តែសម្រាប់ Messi វ័យ ៣១ឆ្នាំនៅតែអាចរកបានគ្រាប់បាល់បានឈានមុខនៅ La Liga ខណៈ Ronaldo រកបាន ១១គ្រាប់សម្រាប់ក្លឹប Juventus នៅរដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖