ខ្សែបម្រើក្លឹប Manchester City កីឡាករ David Silva នឹងត្រូវអវត្តមានសម្រាប់រយៈ ពេលពីពីរទៅបីសប្តាហ៍ ដោយផ្អែកទៅលើការលើកឡើង របស់អ្នកចាត់ការទូទៅលោក Pep Guardiola ។ Silva វ័យ ៣២ឆ្នាំបានទទួលរងរបួសសរសៃពួរនៅក្នុងការជំនួបបរាជ័យលើកដំបូងរបស់ក្លឹបនៅលើទីលានកីឡាដ្ឋាន Stamford Bridge របស់ Chelsea កាលពីថ្ងៃសៅរ៍សប្តាហ៏មុននិងត្រូវបានជំនួសដោយមិត្តរួមក្រុមនៅពាក់កណ្តាលតង់ទីពីរ។

គ្រូបង្វឹកលោក Guardiola បាននិយាយថាបញ្ហានេះគឺមិនធំពេកទេប៉ុន្តែលោកបានបញ្ជាក់ថា Silva កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅយប់ថ្ងៃពុធទល់នឹងក្រុមមកពីលីកកំពូលអាឡឺម៉ង់ Bundesliga គឺ Hoffenheim។ Silva ចូលបានលេង ១៤ប្រកួតក្នុងលីកកំពូលនៅ រដូវកាលនេះនិង ៥ប្រកួតនៅក្របខ័ណ្ឌ Champions League របស់ពួកគេ។

ក្រុមការពារតំណែងជើងឯក Man.City នឹងត្រូវជួបជាមួយនិង Everton, Crystal Palace, Leicester និង Southampton ក្នុងក្របខ័ណ្ឌ Premier League ក្នុងកំឡុងពេលសេសសល់នៃខែធ្នូហើយនឹងការធ្វើដំណើរទៅជួប Leicester City សម្រាប់វគ្គ ១/៤ ពាន Carabao Cup នៅថ្ងៃទី ១៨ ខែធ្នូ។ Silva និងត្រូវបានដាក់បញ្ចូលទៅ ក្នុងបញ្ជីកីឡាករបួសជាមួយមិត្តរួមក្រុមផ្សេងទៀតដូចជា Claudio Bravo, Danilo, Benjamin Mendy, Kevin de Bruyne និង Sergio Aguero នៅក្រៅទីលានទោះបីជាលោក Guardiola បាននិយាយថា Aguero មានឱកាសវិលមកចូលរួមលេងក្នុងការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Everton វិញយ៉ាងណាក្តី។

ប្រភព៖ bbc