ក្រុម Lyon បានឈ្នះកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលគ្រាប់បាល់បញ្ចូលទីនៅតង់ទី២របស់កីឡាករ Nabil Fekir បានតាមស្មើលទ្ធផល ១-១ ជាមួយនឹងក្រុម Shakhtar Donetsk ក្នុងទីក្រុងគៀវ កាលពីថ្ងៃពុធ ស្របពេលដែលក្រុម Bayern Munich បានឡើងឈរពីលើក្រុម Ajax ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល E។

ក្រុម Lyon របស់លោក Bruno Genesio ត្រូវតែគេចឲ្យផុតពីការរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុម Shakhtar ដើម្បីឈានទៅវគ្គបន្តនៃពូល F រួមជាមួយនឹងក្រុម Manchester City ហើយការដណ្តើមបានលទ្ធផលស្មើជាលើកទី ៥ជាប់ៗគ្នាបានសម្រេចគោលដៅនោះតែម្តង។ ក្រុម Shakhtar រកបានគ្រាប់បាល់នាំមុខមុននៅពាក់កណ្តាលតង់ទី១ ពោលគឺត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយពីខ្សែប្រយុទ្ធ Bertrand Traore របស់ក្រុម Lyon ត្រូវបានរារាំងដោយអ្នកចាំទី Andriy Pyatov នៅពេលដែលរូបគេគ្រប់គ្រងបាល់មួយទល់មួយជាមួយនឹងអ្នកចាំទីរូបនេះ។

ខ្សែប្រយុទ្ធអន្តរជាតិរបស់បួគីណាហ្វាសូរូបនេះ បានជួបការខកចិត្តចំពោះការខ្ជះខ្ជាយឱកាសរបស់គេ ខណៈដែលកីឡាករ Junior Moraes បានស៊ុតបាល់បំប៉ោងសំណាញ់ទី។ ទោះបីជាយ៉ាងណា Lyon បានគ្រប់គ្រងស្ថានភាពរបស់ខ្លួន និងបានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦៥ ខណៈដែល Nabil Fekir បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធ Memphis Depay។ ជាមួយគ្នានេះ ក្រុម Man City បានបញ្ចប់ដោយការឈរលេខ១ក្នុងពូល តាមរយៈការវាយបកផ្តួលក្រុម Hoffenheim ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Etihad៕

ប្រភព៖ Channel News Asia