បរទេស៖ ក្រោយពី​ត្រឹម​តែ​រយៈពេល​១​សប្តាហ៍​ បើ​គិត​ចាប់​តាំងពី​ការ​បញ្ចប់​ដំណើរ​ផ្សងព្រេង​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​ទីក្រុង Lisbon ក្រុម Lyon វិលទៅកាន់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌលីកក្នុងស្រុក​វិញ​នៅ​​រាត្រី​នេះ ក្នុង​ពេលត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Dijon ដោយ​សង្ឃឹម​ថា អាច​ទម្លាក់​ក្រុម Paris Saint-Germain ដើម្បី​ឈ្នះ​ពាន Ligue 1 ជាលើក​ទី​១ ​បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៨​។

Lyon បាន​ឈាន​ទៅកាន់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើក​ទី​២ ក្រោយពី​បាន​​ទម្លាក់​ក្រុម Juventus និង Manchester City នៅមុន​ពេល​ចាញ់​​ក្រុម​ម្ចាស់​ជើង​ឯក Bayern Munich ខណៈ​ដែល​បារាំង មានក្លិប​២ នៅក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​​ក្នុង​យុទ្ធ​នាការ​នេះជាលើក​ទី​១​។ បើ​ទោះ​បីធ្វើ​បាន​យ៉ាង​ល្អ​​នៅ​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ រដូវ​កាល​ឆ្នាំ​២០២០-២០២១ នឹង​ក្លាយ​ជា​រដូវ​កាល​ទី​១​របស់​ក្រុម Lyon ដែល​ខក​ខាន​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ក្នុង​រយៈពេល​២៤​ឆ្នាំ ក្រោយពី​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧ នៅ​ក្នុង​ក្រប​ខ័ណ្ឌបារាំង កាលពី​រដូវ​កាល​មុន​។

ខ្សែ​ការ​ពារ Fernando Marcal បាន​ឲ្យ​ដឹង​ថា៖ «យើង​ចង់​បង្ហាញ​ថា យើង​មានក្រុម​ដ៏​អស្ចារ្យមួយ និង​បង្ហាញ​ថា យើង​អាច​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League ម្តង​ទៀត នៅ​រដូវ​កាល​ក្រោយ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ក្រោម​ការ​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង យើង​អាច​ប្រជែង​តំណែង​លេខ​១ និង​ពាន​បាន​។ នោះ​គឺ​ជា​គោល​ដៅ​របស់​យើង និង​មិន​ចង់​បញ្ចប់​ក្នុង​ចំណត់​ថ្នាក់​លេខ​២ ឬ​លេខ​៣​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia