ខ្សែការពារ Laurent Koscielny របស់ក្រុម Arsenal នឹងធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេបើគិតចាប់តាំងពីខែឧសភា នៅពេលដែលខ្សែការពារអន្តរជាតិបារាំងដែលញាំញីដោយរបួសរូបនេះ ចូលលេងក្នុងជម្រើសដំបូងនៃក្របខ័ណ្ឌ Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលប្រកួតជាមួយនឹងក្រុម Qarabag។

Koscielny បានរងរបួសក្នុងពេលក្រុម Arsenal បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Europa League ពេលជួបក្រុម Atletico Madrid កាលពីរដូវកាលមុន។ ខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ បានអវត្តមានក្នុងយុទ្ធនាការ World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដោយសារតែបញ្ហារបួសដូចគ្នា។ ទីបំផុតរូបគេបានវិលទៅកាន់ក្រុមកីឡាករបម្រុងរបស់ក្រុម Arsenal វិញក្នុងការប្រកួតពាន Checkatrade Trophy ជាមួយនឹងក្រុម Portsmouth កាលពីសប្តាហ៍មុន ហើយលោក Emery បានប្រកាសកាលពីថ្ងៃពុធថា Koscielny នឹងចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងពេលជួបក្រុម Qarabag។

ក្រុមកាំភ្លើងធំមួយនេះ បានជួបបញ្ហាវិបត្តិខ្សែការពារ នៅមុនពេលការធ្វើដំណើរទៅកាន់ទឹកដីក្រុម Southampton នៅថ្ងៃអាទិត្យនេះ ខណៈដែល Rob Holding មានរបួស Shkodran Mustafi កំពុងតែជួបបញ្ហាសរសៃពួរគន្លាក់ជើង ហើយ Sokratis Papastathopoulos បានជាប់ពិន័យព្យួរ។ ហេតុនេះ មានន័យថា Koscielny នឹងត្រូវស្នើឲ្យលេង២ប្រកួត ក្នុងចន្លោះពេល៤ថ្ងៃ ប្រសិនបើរូបគេបង្ហាញថា រូបគេមានភាពរឹងមាំទាំងស្រុងហើយនោះ។ លោក Emery បានប្រាប់អ្នកយកព័ត៌មានថា៖ «ដោយសារតែយើងនឹងលេងការប្រកួតជាច្រើន ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ យើងនឹងលេង៤ប្រកួត ដោយការប្រកួតនីមួយៗពិតជាសំខាន់ណាស់។ វាស្ថិតក្នុងគម្រោងរបស់យើងដើម្បីដាក់ឲ្យ Laurent Koscielny លេងក្នុងជម្រើសដំបូង»៕

ប្រភព៖ Channel News Asia