ការបញ្ចប់តំណែងរបស់លោក Jose Mourinho ហាក់ដូចជាបំណងរបស់ក្រុមអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United នាពេលឥឡូវនេះ ប៉ុន្តែវាហាក់ដូចជារឿងដែលគួរអោយចាប់អារម្មណ៏ដែលក្រុមម្ចាស់ជើងឯកកំពូលអង់គ្លេស ១៣សម័យត្រូវចំណាយប្រាក់ច្រើនដើម្បីចែកផ្លូវគ្នាជាមួយអ្នកចាត់ការកំពូលរបស់ពួកគេម្នាក់នេះ។ ក្រុម Manchester United បានបង្ហាញទម្រង់កាន់តែអន់ថយ និងដុនដាបទៅកាលពីថ្ងៃអាទិត្យជាមួយនិងបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ព្រមជាមួយនិងការបង្ហាញពីកំសោយសមត្ថភាពរបស់ក្រុមយ៉ាងពិតប្រាកដ។

Liverpool បង្ហាញទម្រង់លេងបានល្អនៅក្របខណ្ឌ Premier League សម្រាប់រដូវកាល(២០១៨-២០១៩)នេះ និងកំពុងនិងឈរនៅលើកំពូលតារាង ស្របពេល Man United ស្ថិតក្នុងភាពមិនច្បាស់លាស់ថានិងមានឪកាសជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ រឺអតពេលបញ្ចប់រដូវកាល ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៦ គិតត្រឹមសប្តាហ៏ទី១៧ នេះ និងមានគម្លាតរហូតដល់ទៅ ១៩ពិន្ទុពីក្រុមនាំមុខតារាង Liverpool។

កំលុងការប្រកួតកាលពីថ្ងៃអាទិត្យលោក Mourinho បានសម្រេចអោយ Paul Pogba អង្គុយនៅលើកៅអីបម្រុងរហូតដល់ចប់ការប្រកួតនិង សម្រេចដាក់កីឡាករ Juan Mata ព្រមជាមួយ Anthony Martial ជំនួសវិញ។ មើលឃើញពីចំនុចអសកម្មមួយចំនួនដូចនេះហើយទើបធ្វើអោយអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមភាគច្រើនបានសារភាពថាគ្រូបង្វឹកហាក់នៅឆ្ងាយពីបញ្ហា និងមិនមែនជារឿងតែមួយដែលត្រូវដោះស្រាយ ខណៈដែលពួកគេជាច្រើនចង់ឃើញអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ ចាកចេញពីកីឡាដ្ឋាន Old Trafford តាមដែលអាចធ្វើទៅបានកាន់តែឆាប់កាន់តែល្អ។

ខណពេលទីផ្សារដោះដូរកីឡាករកាន់តែខិតកៀតជិតចូលមកដល់នៅខែមករា ២០១៩ ខាងមុខនេះអ្វីៗមិនទៀងទាត់ ហើយអាចនិងកើតមានឡើងនៅទឹកដី Old Trafford។ យោងតាម Duncan Castles បានប្រាប់អោយឱ្យដឹងថាៈ ប្រសិនជា Man.United ចាំបាច់ត្រូវបណ្តេញលោក Mourinho ចេញពីតួនាទីជាគ្រូបង្វឹកនោះ ក្រុមត្រូវបង់ប្រាក់ចំនួន ២៤លានផោន ប៉ុន្តែអាចនិងធ្លាក់មកនៅត្រឹម ១៨លានផោនដែលត្រូវកាត់បន្ថយយអស់ចំនួន(២៥ភាគរយ) ក្នុងករណីក្រុមបញ្ចប់កិច្ចសន្យាគាត់ ស្របពេលក្លឹបគ្មានកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

វាជាស្ថានភាពស្រដៀងគ្នាមួយដែលក្រុម Man United បានឆ្លងកាត់អ្នកចាត់ការ ២រូបកន្លងមកគឺលោក David Moyes និង Louis van Gaal ដោយទាំងពីរនាក់នេះត្រូវបានគេបណ្តេញចេញបន្ទាប់ពីមិនមានសមត្ថភាពដឹកនាំក្រុម លេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ Moyes ត្រូវបានគេបណ្តេញចេញដោយមានបួនប្រកួតនៅក្នុងដៃមុនបញ្ចប់រដូវកាលខណៈដែលលោក Van Gaal ត្រូវបានដកហូតតួនាទីបន្ទាប់ពីការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រ។

ប្រភព៖ Sportbible