បរទេស៖ លោក Jose Mourinho បាននិយាយ​ថា រូប​លោក និងក្រុម Roma បាន​បង្កើត​ប្រវត្តិ​សាស្ត្រ ក្រោយពី​បានឈ្នះពាន​ក្រប​ខ័ណ្ឌ Europa Conference League កាលពីថ្ងៃពុធ ដែល​ជា​ពាន​ក្រប​ខ័ណ្ឌ​​អឺ​រ៉ុប​ដំបូង​គេ​​របស់​ក្លិប​នេះ​។

លោក Mourinho សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​ព្យា​យាម​ ប៉ុន្តែ មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ ក្រោយពីក្រុម Roma បាន​ផ្តួលក្រុម Feyenoord ក្នុង​ការ​ប្រកួត​ពាន​ប្រចាំទ្វីប​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​របស់​ពួក​គេ ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍ ហើយ​​គ្រូបង្វឹក​រូបនេះ នៅ​តែ​មាន​ការ​រំជួល​ចិត្ត នៅពេល​ដែល​​លោក​សាទរ​ដល់ក្រុម​របស់​លោក បន្ទាប់​ពី​កម្មវិធី​ប្រគល់ពាន​​រង្វាន់​​។ អ្នក​គាំទ្រ​​ជាច្រើន​របស់​ Roma បានយក​លោក Mourinho ជា​តា​រា​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ អំឡុង​ពេល​​នៃ​ការ​​ជួប​រដូវ​កាល​ឡើង និង​ចុះ មុន​នឹង​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នង​លទ្ធផល ១-០ ក្នុង​ទីក្រុង Tirana ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ឈ្នះ​ពាន​សោះ​ត្រឹម​រយៈ​ពេល​១៤​ឆ្នាំ ​សម្រាប់​​ក្លិប​មួយនេះ​។

លោក Mourinho បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ខ្ញុំ​បាន​នៅ​ជាមួយនឹង​ Roma អស់​រយៈពេល​១១​ខែមកហើយ​។ ខ្ញុំ​បាន​ដឹង​ថា នៅពេល​ដែលខ្ញុំ​បានមក​ដល់ វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក​គាំទ្រ​។ ពួកគេ​បាន​​រង់​ចាំ​សមិទ្ធ​ផល​បែបនេះ​ជា​យូរមក​ហើយ​។ នេះមិនមែន​ជា​ការ​នៅ​រាត្រី​នេះ​ឡើយ ប៉ុន្តែ នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ​។ យើង​ត្រូវ​តែ​សរសេរ​ប្រវត្តិ​សាស្ត្រ​។ យើង​បាន​សរសេរ​ប្រវត្តិ​សាស្ត្រ​នោះហើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia