បរទេស៖ លោក Jose Mourinho បាន​និយាយ​ថា ក្រុម Roma ​របស់​លោក «បាន​បាក់​ស្មារតី» ក្រោយពី​បាន​របូត​គ្រាប់បាល់​ចំនួន​៣​គ្រាប់ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​៧នាទី ខណៈ​ដែល​ក្រុម Juventus បាន​ធ្វើការ​វាយ​ប​ដ៏​មិននឹកស្មាន​ដល់​​ដើម្បី​យកឈ្នះក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃ​អាទិត្យ​។

ក្រុម Roma បាន​ធ្វើការ​នាំមុខ​ដល់​ទៅ​ ៣-១ ស្រប​ពេល​នៅ​សល់​រយៈពេល​២០នាទី​ទៀត នៅមុនពេល​​ក្រុម Juventus បាន​បំពេញការ​វាយ​បក​របស់ខ្លួន​វិញ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់​កីឡាករ Lorenzo Pellegrini នៃក្រុម Roma ក៏​ត្រូវ​បាន​ជួយ​សង្រោះ​ដោយ​អ្នក​ចាំ​ទី Wojciech Szczesny ផងដែរ ក្រោយពី Matthijs de Ligt បាន​រង​ពិន័យ​កាត​លឿង​ជាលើក​ទី​២ សម្រាប់​ការ​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​។ លោក Mourinho បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន DAZN ថា៖ «យើង​ធ្វើ​បានយ៉ាងល្អ​ក្នុង​រយៈពេល​៧០នាទី ប៉ុន្តែ បន្ទាប់​មក​ពី យើង​បាន​បាក់​ស្មារតី​។ នៅពេល​ដែល​អ្នក​កំពុង​មាន​បញ្ហា អ្នក​ត្រូវ​បាន​គេ​គិត​ថា នឹង​ងើប​ឡើង​វិញ​និង​បង្ហាញពីសមត្ថភាព​របស់​អ្នក  ប៉ុន្តែ មាន​កីឡាករ​មួយ​ចំនួន​ក្នុងក្រុម​នេះ មានភាព​ខ្សោយ​ពេក និង​ខ្លាំង​ពេក​»​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ចន្លោះ​ពេលដ៏ខ្លីពី​កីឡាករ Manuel Locatelli, Dejan Kulusevski និង Mattia De Sciglio បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅកីឡដ្ឋាន Stadio Olimpico មានភាព​ស្រឡាំង​កាំង​តែម្តង​៕

ប្រភព​ព័ត៌​មាន៖ BBC