ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លៃការណ៍មួយថា ខ្លួននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយក៏នឹងប្រកាសដកខ្លួនចេញពីការប្រកួតលីកកំពូលកម្ពុជា ផងដែរ បើសិនជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មិនដោះស្រាយឲ្យបានសមរម្យ ទៅលើការទទួលបាននូវប្រាក់ជាសំណង នៃការប្រឹងប្រែងអភិវឌ្ឍកីឡាករចំនួន ៥នាក់ ដែលបានទៅរួមរស់ជាមួយក្លិបវិសាខានោះ។

ក្លិបភ្នំពេញក្រោន បានចាត់ទុកការចាកចេញរបស់កីឡាករទាំង ៥នាក់នោះ គឺធ្វើឡើងដោយគ្មានការពិភាក្សាជាមួយក្លិបភ្នំពេញក្រោន និងគ្មានការបង់ថ្លៃសំណងនៃការខិតខំបណ្តុះបណ្តាលដល់ក្លិបអ្វីទាំងអស់ ហើយការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង កាលពីថ្ងៃចន្ទ គឺបន្ទាប់ពីក្លិបវិសាខា បានប្រកាសជាផ្លូវការ នូវសមាជិកថ្មីរបស់ខ្លួនចំនួន ១២នាក់ ក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃអាទិត្យ ហើយក្នុងចំណោមកីឡាករទាំង១២រូបនោះ ក៏មានកីឡាករ ស៊ិន កក្កដា, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភ័ក្ដ ដែលធ្លាប់លេងឲ្យភ្នំពេញក្រោន ផងដែរ។

«កីឡាករទាំង ៥នាក់នេះ បានចូលហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលបាល់ទាត់ភ្នំពេញក្រោនកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៣ ដោយមានអាណាព្យាបាលបានចុះកិច្ចសន្យាទាក់ទងទៅនឹងការទទួលស្គាល់តម្លៃសំណង លើការបណ្តុះបណ្តាល ផងដែរ។ ជាងនេះទៅទៀត ក្រោយមកក្លិបក៏បានផ្តល់កិច្ចសន្យាថ្មី លើសទៅនឹងតម្លៃពលកម្មលើកិច្ចសន្យាចាស់ នៅពេលដែលក្លិបបានផ្តល់ជូនកីឡាករទាំង ៥នាក់ ក្នុងការឡើងទៅលេងក្នុងក្រុមធំ ដោយផ្អែកលើលក្ខខណ្ឌចរចាររបស់សហព័ន្ធបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA)»។

សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តថា៖ «ប៉ុន្តែក្រោយរដូវកាលឆ្នាំ២០១៨ បានបញ្ចប់ភ្លាម ពួកគេបានសម្រេចចិត្តចាកចេញ ដោយមិនមានការពិភាក្សាជាមួយក្លិបភ្នំពេញក្រោន រួមទាំងដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍសម្រាប់ក្លិបភ្នំពេញក្រោន ដែលធ្លាប់បានចំណាយធនធានទៅលើពួកគេ ស្របទៅតាមលក្ខខណ្ឌព្រមព្រៀង ដែលត្រូវបានទទួលស្គាល់ដោយគូភាគីកន្លងមកនោះឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្លិបភ្នំពេញក្រោន បានរាប់រៀបលើការខិតខំបណ្តុះយុវជនថ្នាល និងការចំណាយផ្សេងទៅលើកីឡាករទាំង៥នាក់ខាងលើ ក្នុងរយៈពេលបណ្តុះបណ្តាលជាង៥ឆ្នាំនេះ គឺភ្នំពេញក្រោន បានចំណាយទៅលើពួកគេទាំងការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាព ផងដែរ។

ក្លិបភ្នំពេញក្រោន បានអះអាងថា បានដាក់កលិខិតជូនទៅលើគណៈកម្មការជាតិរៀបចំការប្រកួតបាល់ទាត់ជាតិ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញបញ្ហានេះផងដែរ ដោយភ្ជាប់ជាមួយច្បាប់លក្ខខណ្ឌនៃសំណងការអភិវឌ្ឍ រួមទាំងឯកសារយោងផ្សេងៗទៀត អមដោយកិច្ចសន្យារបស់កីឡាករទាំង៥នាក់ ដែលមានចុះហត្ថលេខា ដោយសាមីខ្លួន និងអាណាព្យាបាលរបស់ពួកគេផងដែរ ហើយនៅពេលនេះក្លិប កំពុងរង់ចាំដំណោះស្រាយពីសហព័ន្ធ តែបើគ្មានដំដោះស្រាយលើការបង់សំណងពីក្លិបវិសាខាទេនោះ ពួកគេនឹងដកខ្លួនពីការប្រកួតលីកកំពូល។

សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា៖ «ក្លិបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លិបដទៃ ដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះ មិនត្រូវបានដោះស្រាយ ដោយសមស្របទេ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីកផងដែរ»។

ការបញ្ជាក់ជំហរនេះ ត្រូវបានក្លិបភ្នំពេញក្រោន បញ្ជាក់ថា ដើម្បីការពារបេសកកម្មអភិវឌ្ឍបាល់ទាត់ថ្នាល និងជំរុញឲ្យក្លិបបាល់ទាត់ផ្សេងទៀត អនុវត្តការបណ្តុះបណ្តាលថ្នាលបន្ថែមទៀត ដើម្បីធានាឲ្យមានការប្រកួតប្រជែងក្នុងលីកឱ្យកាន់តែខ្លាំងក្លា នាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង៕