ក្រុម​សិង្ហក្រហម ភ្នំពេញក្រោន ដែលទើបឈ្នះ​​ពាន ការ​ប្រកួត​ពាន​រង្វាន់​ខេមបូឌាន​លីគខាប់ ឆ្នាំ​២០២ (Cambodian League Cup) កាលពីថ្ងៃសៅរ៍ កន្លងមកនេះ គឺ​ពួកគេ នឹង​​ត្រូវ​​ធ្វើ​ដំណើរ ទៅកាន់ទឹកទី​​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​២ ​ខែមិថុនា ខាងមុខ​នេះ ដើម្បី​​ចូល​រួមការ​ប្រកួត​ពាន​រង្វាន់មិត្ត​ភាព​អន្តរជាតិ និង​ប្រកួត​មិត្តភាព នៅ​ទីនោះ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម ត្រៀម​​ការ​ប្រកួតដ៏សំខាន់ នៅចំពោះ​មុខ។

បើទោះបីជា ភ្នំពេញក្រោន បាន​ឈ្នះ​គ្រប់​ការ​ប្រកួត នៅពាន​រង្វាន់ Cambodian League Cup 2022 និងចុង​ក្រោយ បាន​យក​ឈ្នះក្រុម​វិសាខា ២-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ថ្នាក់​​​ដឹកនាំ និង​ក្រុមគ្រូ​បង្វឹក​របស់សិង្ហក្រហម ចង់​ឱ្យ ភ្នំពេញ​ក្រោន ទទួលបាន​បទពិសោធថ្មីៗ​បន្ថែម សម្រាប់ការ​ប្រកួត នៅក្រៅ​ប្រទេស​វិញ​ម្តង ព្រោះពួកគេ ចង់​ធ្វើ​ឱ្យមាន​ភាព​ប្រាកដ​ថា ភ្នំពេញក្រោន ពិតជា​ត្រៀមខ្លួនបានល្អ​១០០​ភាគ​រយ មុនការ​ប្រកួតវគ្គចែកពូល AFC Cup 2022 ឈា​នចូល​មក​ដល់។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ International Club Friendly Match 2022 ដែល រៀបចំ​ឡើង​ដោយ​ក្លិប​បាល់​ទាត់ Terengganu របស់ម៉ាឡេស៊ី សហការជាមួយក្រុមហ៊ុន Echo Sports Management នេះ គឺ​ក្រុម​ភ្នំពេញក្រោន របស់កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​២​លើក​ជាមួយ​ក្រុម​ Terengganu ដោយ​លើកទី​១ ធ្វើ​នៅថ្ងៃទី​៤ និងលើក​ទី​២ នៅថ្ងៃទី​៦ ខែមិថុនា ដើម្បីដណ្តើម​យកពាន​មិត្ត​ភាព​អន្តរជាតិនេះ។

នៅ​ក្រោយ​ការ​ប្រកួត​ដណ្តើម​ពានមិត្ត​ភាព​អន្តរជាតិនេះ គឺ​នៅព្រឹក​ថ្ងៃទី​៨ ខែមិថុនា ក្រុម​សិង្ហ​ក្រហម ​ភ្នំពេញក្រោន នឹងត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមជើងខ្លាំង Kuala Lampur City ដែល​ជា​ក្រុមកំពុងលេង នៅលីគកំពូល​ម៉ាឡេស៊ី ដែរ មុនពេល​ពួកគេ ត្រឡប់មក​មាតុភូមិ​វិញ។

សម្រាប់ការ​ចេញ​ទៅប្រកួត​ នៅ​ប្រទេស​ម៉ាឡេស៊ីនេះ វា​បានក្លាយ​ជា​ផ្នែកមួយ​យ៉ាង​សំខាន់ របស់​ក្រុម​ភ្នំពេញក្រោន ដើម្បីត្រៀមការ​ប្រកួត​សំខាន់ នៅចំពោះ​មុខ  គឺ​វគ្គចែកពូល ពាន​រង្វាន់ AFC Cup 2022 ដោយ ភ្នំពេ​ញក្រោន ស្ថិតក្នុងពូល I ជាមួយ Veittel FC របស់វៀតណាម Houngang United របស់សិង្ហបុរី និង Young Elephants United របស់ឡាវ ហើយការ​ប្រកួតនេះ នឹង​ចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២២ ដោយប្រកួតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕