ខ្សែ​ប្រយុទ្ធ​ជនជាតិអាហ្គានីស្ថាន Fareed Sadat បាន​នឹងកំពុងអន្ទះសារ ចង់​បង្ហាញ​​សមត្ថ​ភាព និងចង់​​ឃើញ​ពីទិដ្ឋភាព​ជាក់ស្តែង នៃ​អ្នកគាំ​ទ្រ​ដ៏ស្មោះស្ម័ក្រ​របស់​ ភ្នំពេញក្រោន ដែល​​ជាក្លិបដំបូងគេ បាននាំ​យក​រូបគេ មកកាន់ទឹក​ដី​កម្ពុជា  ដើម្បីប្រកប​អាជីព​បាល់​ទាត់ នៅទីនេះ។

ក្រុមសិង្ហ​ក្រហម ភ្នំពេញក្រោន បាន​​ប្រកាស​ពីការ​​​ចុះកិច្ចសន្យា​ជាមួយខ្សែ​ប្រយុទ្ធ​កម្ពស់​១,៨៨ ម៉ែត្រ Fareed Sadat កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈនេះ ហើយគេ​ក៏ជា​កីឡាករ​បរទេស​ទី៥​ចុង​ក្រោយ ​ដែល​ក្លិបភ្នំពេញ​ក្រោន ​បាន​នាំយក​មក ដើម្បីលេង​នៅរដូវ​កាល ឆ្នាំ​២០២២​នេះ​ផងដែរ។

នៅ​ក្នុងបទសម្ភាស​ផ្ទាល់​ជាមួយក្លិប​ភ្នំពេញក្រោន នៅថ្ងៃអង្គារ​នេះ Fareed Sadat បាន​បង្ហាញ​ការពេញ​ចិត្ត ទៅលើ​អ្វី​គ្រប់យ៉ាង នៅ​ក្នុង​ក្លិប​ថ្មី​មួយ​នេះ ហើយ​កីឡាករ​បាន​ចាប់​អាជីព​​បាល់​ទាត់ នៅប្រទេស​ហ្វាំងឡង់រូបនេះ បាន​បង្ហាញ​ពី​ឆន្ទៈ ក្នុងការ​ជួយ​សម្រេច​គោលដៅថ្មីជាមួយ​ក្រុម​ភ្នំពេញក្រោន សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ AFC Cup 2022។

កីឡាករ​វ័យ​២៣​ឆ្នាំ Fareed Sadat បាន​និយាយ​ថា៖ «​ខ្ញុំមានអារម្មណ៍ល្អ និង​ចូល​ចិត្ត​មិត្ត​រួម​ក្រុម និង​គ្រូ​បង្វឹក ព្រោះនេះ គឺ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ ដែល​វា​ជា​រឿង​ល្អ ហើយ​ខ្ញុំ​សប្បាយចិត្ត ដែលបានមកដល់ទីនេះ ដើម្បីជួយក្រុមឱ្យ​ទទួលគោលដៅថ្មី បន្ថែម​ទៀត ជាពិសេស គឺការប្រកួតពានរង្វាន់ AFC CUP។ ខ្ញុំ​ក៏​អន្ទះសារ​ចង់​ឃើញ​អ្នក​គាំទ្រ​របស់​ក្លិប​ដូចគ្នា!»។

សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ AFC Cup 2022 ក្រុម​ភ្នំពេញក្រោន បាន​ឈរ​នៅពូល​I ជាមួយក្រុមជើង​ឯករបស់វៀតណាម Viettel FC និងក្រុមលីគកំពូល​របស់សិង្ហបុរី ហើយ​ក្រោយ​ពីកីឡាករ​ចំណូលថ្មី Fareed Sadat ​នេះ ក្រុម​ភ្នំពេញ​ក្រោន ​បានដាក់ការ​សង្ឃឹម​ទៅ​ដល់​​កីឡាករ​ជប៉ុន Yudai Ogawa និង Ose Takaki ​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូ​ឡុំ​ប៊ី Andre Nieto និង​ខ្សែ​​ប្រយុទ្ធ​​អ៊ុយក្រែន Valeriy Hryshyn ដែលបរទេសទាំង​៤​នេះ ជា​អ្នករួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជួយ​ឱ្យក្រុម​ភ្នំពេញក្រោន បាន​ឈ្នះ​បាន​លីគកំពូលកម្ពុជា ឆ្នាំ​២០២១ ដើម្បី​ទទួលបានកៅអី លេង​នៅក្នុងការប្រកួត​ពាន​រង្វាន់ AFC Cup 2022 នេះ៕