ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោ​ន បានសម្រេច​បន្ត​កុងត្រា​​ឱ្យ​កីឡាករ​ឆ្នើម​វ័យក្មេង ក្នុង​ស្រុក​ចំនួន​ ៤​ នាក់ រហូត​ដល់​ឆ្នាំ​២០២៤ និង​៣២០២៥ ហើយ​​ក្រុមសិង្ហក្រហម ក៏​បាន​រក្សា​ទុកខ្សែប្រយុទ្ធជនជាតិ​អ៊ុយ​ក្រែន Valeriy Hryshyn ដើម្បី​បន្ត​រួមចំណែក​ជួយ​ដល់​ក្រុម សម្រាប់ការ​​ប្រកួត​រដូវកាល​ថ្មី ឆ្នាំ​២០២២ នេះ​ផងដែរ។

​តាម​ការប្រកួត នៅលើ​ផេច​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន កាលពីចុង​សប្តាហ៍ និង​ថ្ងៃ​ចន្ទ ម្សិលមិញ ភ្នំពេញ​ក្រោ​ន បានសម្រេច​បន្ត​កុងត្រា​ដល់​ម្ចាស់​ស្រោមដៃ​មាស​ឆ្នាំ​ ២០២១ សា​វែង សំណាង រួមទាំង​​ខ្សែបម្រើ​​ឆ្នើម យ៉ើ ម៉ូ​ស្លី​ម និង ជួន ចាន់ចាវ រហូតដល់​ឆ្នាំ ​២០២៥ ហើយ​ក្រុម​នេះ ក៏​​បានសម្រេច​បន្ត​កុងត្រា​ដល់​ខ្សែបម្រើ​កណ្តាល​ជា​ប្រធាន​ក្រុម អ៊​ន ចាន់​ប៉ូ​លីន ដល់​ឆ្នាំ​ ២០២៤ ផងដែរ​។​

​        ជាមួយគ្នានេះ កីឡាករ សឿត បារាំង ដែល​បាន​ទៅលេង​ឱ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាលពី​ឆ្នាំ​ ២០២១ និង​អ្នកចាំទី គង់ ចាន់​វុទ្ធី ដែល​បាន​ទៅលេង​ឱ្យ​ក្លិប​គិរីវង់​សុខ​សែន​​ជ័យ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី ឆ្នាំមុន​ដែរនោះ ក៏បាន​វិលត្រឡប់​មកលេង​ឱ្យ​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​នេះ​ផងដែរ ប៉ុន្តែ​កីឡាករ​កូន​ខ្មែរ​-​បារាំង ប៉ាក់ កែវ​ម៉ូ​នី បានសម្រេច​ចែកផ្លូវ​ជាមួយ ភ្នំពេញ​​ក្រោ​នហើយ​។​

ទន្ទឹម​ជាមួយគ្នា​នេះ ភ្នំពេញ​ក្រោន កាលពី​ថ្ងៃ​ចន្ទ ​បាន​សម្រេច​បន្ត​កុង​ត្រា​ដល់​​ខ្សែប្រយុទ្ធ​ជនជាតិ​អ៊ុយ​ក្រែន Valeriy Hryshyn រហូត​ដល់​ចប់​ឆ្នាំ​២០២២​នេះ ហើយ​តាម​រយៈ​ការ​​ប្រកាស​នេះ បាន​ឱ្យ​ដឹង​ថា ភ្នំពេញ​ក្រោន ​បាន​រក្សាទុក​កីឡាករ​បរទេស ដែលបាន​ជួយ​ក្រុម​ឱ្យ​លើក​ពាន កាលពី​ឆ្នាំ​២០២១ រហូត​ដល់​៤​នាក់ គឺ​មាន​តែ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheuse ​ម្នាក់​ទេ ដែល​បាន​ចែក​ផ្លូវ​ជាមួយ​ ភ្នំពេញ​ក្រោន ចំណែក​​កីឡាករ​ជប៉ុន Yudai Ogawa និង Ose Takaki រួមទាំង​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូ​ឡុំ​ប៊ី Andre Nieto សុទ្ធតែ​បាន​បន្ត​កុងត្រា​ជាមួយ​ភ្នំពេញ​ក្រោន រហូត​ដល់ចប់​ ឆ្នាំ​២០២២ ដូច​គ្នា។

ការ​រក្សា​ទុក​កីឡាករ​បរទេស​ឆ្នើមៗ​ទាំង​៤​​ខាង​លើ​នេះ រួមទាំង​ការ​បន្ត​កុង​ត្រា​រយៈពេល​វែង​ដល់​កីឡាករ​វ័យ​ក្មេង សា​វែង សំណាង, យ៉ើ ម៉ូ​ស្លី​ម, ជួន ចាន់ចាវ និង អ៊​ន ចាន់​ប៉ូ​លីន នេះ គឺ​ភ្នំពេញ​ក្រោន មិន​មែន​ត្រៀម​តែ​សម្រាប់ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់បំផុត​នោះ គឺ​ត្រៀម​សម្រាប់​ការ​ប្រកួត​ពាន​​រង្វាន់ AFC Cup 2022 វគ្គ​​ជម្រុះ​ក្នុង​ពូ​ល​តំបន់​អាស៊ាន​ (ASEAN ZONE) នាពេល​ខាង​មុខ​នេះ៕