ក្រុមម្ចាស់ជើង​ឯក​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ ភ្នំពេញក្រោន បាន​ដឹងច្បាស់ហើយ​ពី​បេក្ខភាព​ទាំង​៣​ក្រុម ដែលពួក​គេ​ត្រូវ​ប្រកួតប្រជែង នៅ​ក្នុង​វគ្គចែកពូល (Group Stage) នៃ​ពាន​រង្វាន់ AFC Cup 2022 ប្រចាំ​តំបន់អាស៊ាន (ASEAN Zone) ដែលនឹង​ចាប់ដំណើរ​ការ​ប្រកួត នៅថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​នេះ។

តាម​រយៈការ​ចាប់​ឆ្នោតបែក​ចែក​ពូល​ទាំង​៣ រវាង​ក្រុមទាំង​១២ នៅ​ក្នុង​តំបន់អាស៊ាន ដែល​​មានសិទ្ធិ បានចូល​រួមនៅ​ក្នុង​វគ្គ Group Stage នេះ កាលពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា ក្រុម​ភ្នំពេញ​​ក្រោន បានស្ថិតនៅ​ក្នុងពូល​I ជាមួយក្រុមលេខ​១ Viettel FC របស់​វៀតណាម ព្រមទាំង​ក្រុម Hougang United (Hougang United FC) របស់​សិង្ហបុរី និង​ក្រុម Hantharwady United FC របស់​មីយ៉ាន់ម៉ា។

ចំណែក​ពូល​ H ក៏​បាន​បង្ហាញ​ពី​បេក្ខភាពទាំង​៤​ក្រុម ដែល​ត្រូវប្រកួត​ប្រជែងគ្នា​រួច​រាល់​ផងដែរ ប៉ុន្តែ​សម្រាប់ពូល​G ទើប​តែ​មាន​៣​ក្រុម​ទេ ចំណែក​១​ក្រុម​ទៀត អាច​ជា​ក្រុម​វិសាខា របស់​កម្ពុជា ឬ​ក្រុម Young Elephant ​របស់​ឡាវ ព្រោះក្រុមទាំង​២នេះ នឹងត្រូវ​លេង​វគ្គ​ជម្រុះ Playoff ហើយ​ក្រុម​ដែល​ឈ្នះ ​ត្រូវ​ឡើង​ទៅ​ពូល G នេះ។

តាម​រយៈ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោតនេះ លោក កែវ សុខង៉ន អ្នក​ចាត់កាតរ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន បាន​មើល​ឃើញ​ថា ក្រុមលេខ​១ Viettel FC របស់​វៀតណាម គឺ​ជា​ក្រុម​ដែលមាន​អាទិភាព​ខ្ពស់ជាងគេ ក្នុង​ការ​ឈ្នះ​បាន​កៅអី ឡើង​ទៅប្រកួត​នៅ​វគ្គបន្ត។ «សម្រាប់​ខ្ញុំ ក្រុម​ដែល​មាន​អាទិភាព នឹង​ឡើង​ទៅ​វគ្គបន្ត ​គឺ​ក្រុម viettel FC របស់​វៀតណាម»។

តែទោះបីជា​យ៉ាង​ណា​ អ្នកចាត់​ការទូទៅ​វ័យក្មេង​រូប​នេះ នៅតែមាន​ក្តី​រំពឹង​ថា ក្រុម​សិង្ហក្រហម នឹង​អាច​ប្រជែង​បាន​កៅអីមួយ​ផងដែរ នៅវគ្គ​បន្ត។ អតី​កីឡាករ​ជម្រើសជាតិ​កម្ពុជា កែវ សុខង៉ន បាន​ប្រាប់វេបសាយ​ក្នុង​ស្រុក​មួយ​ថា៖ ​«ប៉ុន្តែសម្រាប់ ភ្នំពេញ​ក្រោន យើង​បាន​រៀបចំ​រួច​រាល់ផង​ដែរ  ហើយ​យើង​នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព ដើម្បី​ឆ្លង​ផុត​ពី​វគ្គ Group Stage នេះ»៕