តារាឆ្នើម Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសជាលើកទី៥ កាលពីថ្ងៃអង្គារ សម្រាប់ការបញ្ចប់កាលពីរដូវកាលមុនក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប។ ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទី ៣៤គ្រាប់ក្នុងការប្រកួត ៦៨លើកសម្រាប់ក្រុម Barcelona ដើម្បីធ្វើឲ្យរូបគេផ្ទាល់ឈរពីលើខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool និង Harry Kane របស់ក្លិប Tottenham។ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះ៤លើក បានស៊ុតបាល់បញ្ចូលទី ២៦គ្រាប់ក្នុងការប្រកួត ៥២លើកសម្រាប់ក្លិប Real Madrid។

ក្រោយពីត្រូវបានប្រគល់ពានរង្វាន់នេះក្នុងទីក្រុង Barcelona ខ្សែប្រយុទ្ធ Messi បានឲ្យដឹងថា៖ «រឿងពិតនោះគឺថា ខ្ញុំមិនដឹងថា វានឹងកើតឡើងនៅពេលដែលខ្ញុំបានចាប់ផ្តើមឡើយ។ ខ្ញុំបានសុបិនក្នុងការលេងកីឡាបាល់ទាត់អាជីព និងទទួលជោគជ័យ។ ខ្ញុំស្រឡាញ់កីឡានេះ ប៉ុន្តែ ខ្ញុំមិនដែលស្រមៃគិតថា ខ្ញុំនឹងឈ្នះពានដ៏ច្រើនបែបនេះឡើយ»។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំរីករាយនឹងការងារនេះ និងការខិតខំព្យាយាម។ ខ្ញុំស្ថិតក្នុងក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក និងលេងជាមួយនឹងមិត្តរួមក្រុមដ៏ឆ្នើមបំផុតក្នុងពិភពលោក ហេតុនេះ រាល់អ្វីៗទាំងអស់កាន់តែងាយស្រួល»។ កម្មវិធីប្រគល់រង្វាន់នេះត្រូវបានចូលរួមដោយប្រធានក្លិប Barcelona លោក Josep Maria Bartomeu ក៏ដូចជាកីឡាករជាច្រើនដូចជា Sergio Busquets និង Sergi Roberto៕

ប្រភព៖ Channel News Asia