ខ្សែការពារ Dejan Lovren របស់ក្រុម Liverpool សង្ឃឹមថា ក្រុមរបស់គេអាចតាមស្មើកំណត់ត្រានៃការក្សាភាពខ្លាំងក្នុងរដូវកាលឆ្នាំ២០០៣-២០០៤ តាមរយៈការបញ្ចប់រដូវកាលទាំងមូលនេះ ដោយការមិនស្គាល់ចាញ់សោះ និងលើកពានក្របខ័ណ្ឌ Premier League។
ក្រុម Liverpool កំពុងតែនាំមុខពីលើក្រុម Manchester City ចំនួន១ពិន្ទុ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-១ លើក្រុម Manchester United កាលពីថ្ងៃអាទិត្យ ដើម្បីបន្តការមិនស្គាល់ចាញ់របស់ពួកគេក្នុងក្របខ័ណ្ឌលីក រហូតដល់ទៅ១៧ប្រកួតនៅរដូវកាលនេះ។ Lovren បានប្រាប់បណ្តាញសារព័ត៌មានចក្រភពអង់គ្លេសថា៖ «ជាការរំពឹងទុក យើងអាចរក្សាការមិនស្គាល់ចាញ់រហូតដល់ចុងរដូវកាលនេះ។ ពិតណាស់ វានឹងក្លាយជាការប្រជែងមួយ ប៉ុនន្តែ នេះគឺជាអ្វីដែលយើងចង់បាន។ នេះគឺជាមូលហេតុដែលយើងមកទីនេះជាមួយនឹង Liverpool ពីព្រោះយើងដឹងថា យើងអាចធ្វើបាន។ Arsenal ធ្វើបានកាលពីមុន ហេតុនេះ ហេតុអ្វីមិនអាចទៅរួច?»។
ក្រុម Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Wolverhampton Wanderers នៅរាត្រីនេះ ដោយការដណ្តើមបានជ័យជម្នះដល់ទៅ៤លើកពីការប្រកួតលីកក្រៅដី៥លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុម Wolves ក៏មានទម្រង់លេងល្អនាពេលថ្មីៗនេះផងដែរ តាមរយៈការដណ្តើមបានជ័យជម្នះ២លើកពីការប្រកួតទាំង២លើកចុងក្រោយលើទឹកដីខ្លួនឯងរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕
ប្រភព៖ Channel News Asia