បញ្ហានៅក្នុងក្រុមរវាងលោក Jose Mourinho និង Paul Pogba ត្រូវបានគេលើកឡើងជាប្រធានបទកំលុងពេលអតីតអ្នក ចាត់ការទូទៅនៅក្លិប Manchester United ធ្លាប់បានដឹកនាំក្រុមនារយៈពេលចុងក្រោយនៃរដូវកាលថ្មី ២០១៨-២០១៩ នេះ។ ទោះបីជារឿងរកាំរកូសនៅក្នុងមជ្ឈដ្ឋានបាល់ទាត់ដែលមិនត្រូវបានដោះស្រាយអោយបានជ្រះស្រឡះក្តី សម្រាប់ Pogba ខ្សែបម្រើដ៏មានឥទ្ធិពលនិងជាអតីតកីឡាករក្រុម Juventus រូបនេះ បានបញ្ចេញមតិថ្លែងអំណរអរគុណដល់អតីតគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនោះថាបានរួមចំណែកជួយ និងជម្រុញធ្វើអោយរូបគេ ក្លាយជាកីឡាករឈានមុខម្នាក់។

រយៈពេលពីរឆ្នាំកន្លះដែលលោក Mourinho ទទួលបន្ទុកដឹកនាំក្រុម Man.United បានឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័សកាលពីថ្ងៃអង្គារនៅពេលដែលបុរសវ័យ ៥៤ឆ្នាំរូបនេះ ត្រូវបានក្លឹបបណ្តេញចេញក្រោយដឹកនាំក្រុមលើក ចុងក្រោយបរាជ័យក្នុងលទ្ធផល ៣-១ ជាមួយក្រុម Liverpool ។

បន្ទាប់ពី Man United ផ្តួល Cardiff City ក្នុងលទ្ធផល ៥-១ ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solskjaer កាលពីថ្ងៃសៅរ៍ Pogba បានលើកឡើងថា: មិនមែនគ្រប់ៗគ្នាសុទ្ធសឹងតែបានទទួលជោគជ័យ នៅក្រោមការដឹកនាំរបស់លោក Mourinho នោះទេ ប៉ុន្តែខ្ញុំសូមថ្លែងអំណរគុណចំពោះការងាររបស់គាត់នាពេលកន្លងមក។ ការប្រកួតថ្ងៃនេះក្រុមធ្វើបានល្អណាស់។ យើងរីករាយនឹងការប្រកួតលើកទី១ ដែលអ្នកចាត់ការរូបនេះចាប់ផ្តើម

កីឡាករអន្តរជាតិបារាំងសង្កត់ធ្ងន់ថាៈ យើងមិនអាចលេងដោយការស៊ុតបញ្ចូលទីបាន ៥គ្រាប់ ប៉ុន្តែបែរជាចាញ់ការប្រកួតបន្ទាប់នោះទេ។ ក្រុម Man United នឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួល Huddersfield Town ក្នុងថ្ងៃ(Boxing Day) ទី២៦ ធ្នូ២០១៨ខាងមុខនេះ។

ប្រភព៖ foxsportsasia