ក្រុម Tottenham Hotspur បានបង្ហាញពីមូលហេតុដែលអ្នកចាត់ការទូទៅលោក Mauricio Pochettino គឺជាបុរសដែលក្លិបផ្សេងត្រូវការ តាមរយៈការលត់ក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-២ នាកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ ដើម្បីដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool លើតារាង Premier League ចំនួន ៦ពិន្ទុ។

ក្រុម Spurs ត្រូវតែដោះស្រាយជាមួយនឹងពាក្យចរចាមអារ៉ាមផ្សេងៗថា លោក Pochettino ត្រូវបានទាក់ទងជាមួយនឹងការងារនៅឯក្លិប Manchester United ក្រោយពីការបណ្តេញចេញរបស់លោក Jose Mourinho កាលពីដើមសប្តាហ៍មុន។ ប៉ុន្តែ ពួកគេមិនបានបង្ហាញពីសញ្ញានៃការខ្វះនូវការផ្តោតអារម្មណ៍ឡើយ ខណៈដែលពួកគេបានវាយពីការដេញតាមពីក្រោយ១គ្រាប់ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ពីខ្សែប្រយុទ្ធ Son Heung-min និង Harry Kane ហើយ Dele Alli និង Christian Eriksen ក៏រកបានគ្រាប់បាល់បញ្ចូលទីផងដែរ។ ការអស់កម្លាំងអាចនឹងរំខាន់ដល់ការប្រជែងរបស់ក្រុម Tottenham ក្នុងការឈ្នះពានជាលើកទី១ ក្រោមការដឹកនាំរបស់លោក Pochettino ខណៈដែលក្រុម Spurs នៅតែស្ថិតក្នុងការប្រជែងពានចំនួន៤។

ប៉ុន្តែ ស្របពេលដែលក្រុម Liverpool នឹងត្រូវប៉ះជាមួយនឹងក្រុម Arsenal និង Manchester City ក្នុងការប្រកួត ៣លើកបន្ទាប់ទៀតរបស់ពួកគេ ក្នុងអំឡុងពេលរដូវចូលឆ្នាំ ក្រុម Tottenham នឹងមានឱកាសយកប្រៀបទៅលើពួកគេ ប្រសិនបើពួកគេនៅតែអាចរក្សាកម្រិតដ៏ខ្លាំងដូចនៅកីឡដ្ឋាន Goodison។ Kane បានឲ្យដឹងថា៖ «ខ្ញុំគិតថា មនុស្សជាច្រើនកំពុងតែនិយាយអំពី Liverpool និង Man City ប៉ុន្តែ យើងកំពុងតែធ្វើបានយ៉ាងល្អដូចដែលយើងធ្លាប់បានធ្វើ»៕

ប្រភព៖ Channel News Asia