ក្រុម Manchester United នឹងវិលទៅកាន់កីឡដ្ឋាន Old Trafford ជាលើកទី១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដើម្បីប្រកួតជាមួយនឹងក្រុម Huddersfield នៅថ្ងៃ Boxing Day ជាមួយនឹងការជឿជាក់ថ្មីមួយ ក្រោយពីបានស៊ុតបាល់បញ្ចូលទី ៥គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១ ក្នុងរយៈពេល ៥ឆ្នាំ។

ការដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់បុរសសញ្ជាតិន័រវែសរូបនេះ រហូតដល់បញ្ចប់រដូវកាល បានចាប់ផ្តើមយ៉ាងល្អ ខណៈដែល Man United បានលុបចោលភាពទន់ខ្សោយផ្សេងៗ ដែលបានបង្កើតឲ្យមានការលទ្ធផលដ៏ខកចិត្តក្រោមការដឹកនាំរបស់លោក Jose Mourinho ដើម្បីផ្តួលក្រុម Cardiff ក្នុងលទ្ធផល ៥-១។ Man United នៅតែប្រឈមមុខនឹងការប្រជែងដ៏ធំមួយដើម្បីកាត់បន្ថយគម្លាត ៨ពិន្ទុក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤។ ប៉ុន្តែ បច្ចុប្បន្ន ត្រឹមតែអាចរីករាយក្នុងការមើលក្រុមមួយលេងដោយសេរី និងមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ នឹងគ្រប់គ្រាន់ក្នុងការធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Man United រំភើប។

នៅពេលដែលត្រូវបានចោទសួរថា សមាជិកក្រុម Man Utd មួយចំនួនរងសម្ពាធដោយសារតែការលេងលើទឹកដីខ្លួនឯង លោក Solskjaer បានឲ្យដឹងថា៖ «ខ្ញុំគិតថា កីឡាករកំពុងតែសម្លឹងឆ្ពោះទៅកាន់ការលេងនៅ Old Trafford ហើយនោះគឺជាការប្រកួតដ៏សំខាន់។ យើងគួរតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតនោះ។ ពួកគេជាអ្នកគាំទ្រដ៏អស្ចារ្យបំផុតក្នុងពិភពលោក»។ លោក Solskjaer បានបន្ថែមទៀតថា៖ «ខ្ញុំគ្រាន់តែសង្ឃឹមថា ក្នុងរយៈពេល៥ខែទៀត ខ្ញុំធ្វើការងារដ៏ល្អគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការរក្សាស្រែកច្រៀងឈ្មោះរបស់ខ្ញុំ នៅពេលដែលគ្រូបង្វឹកផ្សេងចូលមកដឹកនាំ»។ ការប្រកួតនៅថ្ងៃពុធនេះ នឹងចាប់ផ្តើមនៅម៉ោង១០យប់៕

ប្រភព៖ Channel News Asia