តាម​ការ​បញ្ជាក់​ពី​លោក Mourinho កីឡាករ​វ័យ​ជ្រេ Zlatan Ibrahimovic នឹង​សម្រាក​រយៈពេល​មួយ​ខែ បន្ទាប់​ពី​របួស​ជង្គង់​រើស​ឡើង​វិញ។

ក្រោយ​ពី​ប្រកួត​ស្មើ​ជាមួយ Southampton លោក Mourinho បាន​ប្រាប់​ដំណឹង​អាក្រក់​ថា Ibrahimovic ត្រូវ​អវត្តមាន​លើ​វាល​ស្មី​ជា​ថ្មី​រយៈពេល​មួយ​ខែ ព្រោះ​របួស​ជង្គង់​បាន​រើ​ឡើង​វិញ។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​ប្រាប់​ពី​រឿង​ឈឺ​ក្បាល​មួយ​ទៀត​គឺ Romelu Lukaku ក៏​ត្រូវ​សម្រាក​យ៉ាង​តិច​២​សប្ដាហ៍ ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ Southampton យប់​មិញ។

​នៅ​ដើម​វគ្គ​ទី​មួយ Lukaku បាន​លោត​ប្រឹង​ប្រជែង​បាល់​លើ​អាកាស​ជាមួយ​ខ្សែ​ការពារ Wesley Hoedt ហើយ​ក៏​បាន​បុក​ក្បាល​គ្នា។ ដោយ​មើ​​ឃើញ​ស្ថានភាព​មិន​សូវ​ល្អ​កីឡាករ​បែលហ្សិក​រូប​នេះ​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​នាទី​១៤​ ជំនួស​ដោយ​ Marcus Rashford៕​​