ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានបើកទ្វារស្វាគមន៏ក្រុមកញ្ជ្រោងខៀវ Leicester City សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី21 នៅកីឡាដ្ឋាន Anfield Road។ក្រុមភ្ញៀវ មានឪកាសរកគ្រាប់បាល់នាំមុខមុនដោយកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy នៅដើមតង់ទី1 នាទីទី3 ក្រោយការបញ្ជូនបាល់ពី Riyad Mahrez។

ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុម Chelsea និង Roma កីឡាករ Mohamed Salah បានកែប្រែស្ថានការអោយប្រសើរឡើងវិញបានបន្ទាប់ពីតង់ទី1 បានបាត់បង់ឪកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនគ្រាប់គឺចូលមកដល់តង់ទីពីរ កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអេហ្សីបរូបនេះ រកបានគ្រាប់បាល់តាមស្មើអោយក្រុមម្ចាស់ផ្ទះនៅនាទីទី52 ហើយបន្ថែមគ្រាប់បាល់នាំមុខនៅនាទីទី76 និងជាគ្រាប់បាល់ទី17 នៅរដូវកាលនេះសម្រាប់រូបគេ។ លទ្ធផលបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល2:1 ។

បច្ចុប្បន្នក្រុមជើងឯករដូវកាល(2015-2016)Leicester City ស្ថិតនៅចំណាត់ថ្នាក់លេខ8 នៅតារាងក្របខណ្ឌ Premier League ប៉ុន្តែធ្វើមិនបានល្អទេសម្រាប់ 5ប្រកួតចុងក្រោយគឺចាញ់ 3ប្រកួត និងស្មើ 2ប្រកួត។ ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានផ្តល់បទសម្ភាសន៏ថាការបង្ហាញទម្រងលេងដ៏ល្អសម្រាប់ក្រុមនៅថ្ងៃនេះ ដើម្បីបញ្ចប់ឆ្នាំចាស់ជាមួយលទ្ធផលដែលសមនឹងឈ្នះសម្រាប់ការប្រកួតនេះ។ ក្រុមLiverpool បច្ចុប្បន្នឈរនៅលេខរៀងទី4 និងបន្តកំនត់ត្រាមិនទាន់ចាញ់ 15ប្រកួតកន្លងមក។