ក្រោយផ្ទេរជាផ្លូវការណ៏ពីក្រុម Southampton មកហង្សក្រហម Liverpool ក្នុងតម្លៃ 75លានផោនរបស់ខ្សែការពារ Virgil Van Dijk បានបញ្ចប់ការចង់បានពីសំណាក់ក្រុមធំៗមួយចំនួននៅក្របខណ្ឌ Premier League អង់គ្លេសគឺក្រុម Chelsea និង Man.City ជាដើមដែលធ្លាប់ចិញ្ចឹមចិត្តចង់បានខ្សែការពារកណ្តាលដ៏រឹងមាំ រូបនេះមករួមក្រុមតាំងពីដើមរដូវកាល(2017-2018)កន្លងមកនេះ។ ទីបំផុតអតីតកីឡាករក្រុម Celtic រូបនេះ បានសម្រេចចិត្តចាកចេញពីក្រុម Southampton ដើម្បីបន្តអាជីពបាល់ទាត់ជាមួយក្រុម Liverpool នារដូវកាល ទីផ្សារដោះដូរកីឡាករទើបនិងចាប់ផ្តើមបើកនាថ្ងៃទី1 មករា នេះ។

ទោះបីជាទើបនិងបានត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួនអោយក្រុម ថ្មីជាលើកដំបូងសម្រាប់ឆ្នាំថ្មីនេះ ខ្សែការពារក្រុមបិសាចទឹកក្រូចហូឡង់រូបនេះ បានពន្យល់ពីមូលហេតុ ដែលសម្រេចចិត្តជ្រើសរើសក្រុម Liverpool ប្រាប់គេហទំព័រផ្លូវការរបស់ក្រុមថា៖ ខ្ញុំយល់ថាមូលហេតុចម្បងរបស់ខ្ញុំ គឺវិសាលភាពរបស់ក្លឹប វប្បធម៌របស់ក្រុមមានភាពចាស់ទុំ រួមជាមួយកីឡាករ និងគ្រូបង្វឹកព្រមទាំងអ្នកគាំទ្រ ដែលធ្វើអោយក្រុមសាងភាពល្បីល្បាញ ជារៀងរហូតមក។ ពិសេសគឺទីលានហ្វឹកហាត់ វាល្អឥតខ្ចោះបំផុតហើយសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ ក្រុមនិងអ្នកគាំទ្របានផ្តល់សេចក្តីទុកចិត្តមកលើខ្ញុំ ហើយខ្ញុំមានជំនឿថាគ្រូបង្វឹក និងកាន់តែធ្វើអោយខ្ញុំ ក្លាយជាកីឡាករល្អបំផុតម្នាក់ នាកំលុងពេលត្រូវរួមការងារជាមួយពួកគេនៅពេលខាងមុខ។