ក្លិប Everton សង្ឃឹមថា នឹងទទួលបានដំណឹងក្នុងរយៈពេល ២៤ម៉ោងទៀតថា តើពួកគេបានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Cenk Tosun ពីក្លិប Besiktas ក្នុងតម្លៃខ្លួន ២៥លានផោន (ស្មើនឹង ៣៣,៧លានដុល្លារអាមេរិក) ឬយ៉ាងណា?

លោក Sam Allardyce ដែលជាគ្រូបង្វឹក បានប្រកាសថា Everton បានដាក់សំណើមួយសម្រាប់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ។ ការចរចាផ្សេងៗកំពុងតែបន្ត ខណៈដែលក្លិប Besiktas ត្រូវបានគេជឿជាក់ថា នឹងចង់ទទួលបានតម្លៃខ្លួនខ្ពស់ជាងនេះ។ លោក Allardyce បាននិយាយ បន្ទាប់ពីក្រុម Everton បានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Manchester United នាកីឡដ្ឋាន Goodison Park ថា៖ «យើងបានធ្វើរាល់អ្វីៗដែលយើងអាចធ្វើបាន។ ខ្ញុំគិតថា យើងនឹងទទួលបានដំណឹងក្នុងរយៈពេល ២៤ម៉ោងទៀត»។

Tosun បានជួយឲ្យក្រុម Besiktas ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុម Bayern Munich។ លោក Allardyce ដែលក្រុមរបស់លោកមិនមានឱកាសស៊ុតបាល់សំដៅទី សូម្បីតែ ១លើកក្នុងពេលប្រកួតជាមួយនឹងក្រុម Man United នោះ បានឲ្យដឹងថា៖ «យើងត្រូវភាពមុតស្រួចជាងតំបន់ប្រយុទ្ធដែលយើងមាន ហើយការអាចរកបានគ្រាប់បាល់កាន់តែច្រើន នឹងជួយឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ខ្ញុំមិនអាចធានាថា កីឡាករដែលចូលរួមជាមួយនឹងយើង នឹងរកបានគ្រាប់បាល់បញ្ចូលទីភ្លាមៗឡើយ»។ ទាក់ទងនឹង Tosun គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការចរចារបស់យើងកំពុងតែបន្ត។ វាអាស្រ័យទៅលើពួកគេថា ពួកគេទទួលយកសំណើរបស់យើង ឬអត់»៕