ខ្សែប្រយុទ្ធ Diego Costa បានស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុម Atletico Madrid ក្នុងពេលចូលលេងបានត្រឹមតែ ៥នាទី ខណៈដែលក្រុមរបស់គេបានកត់ត្រាជ័យជម្នះយ៉ាងងាយក្នុងលទ្ធផល ៤-០ លើក្រុម Lleida Esportiu ក្នុងការប្រកួតពាន Copa Del Rey របស់អេស្ប៉ាញ កាលពីថ្ងៃពុធ។

Costa ដែលបានផ្ទេរមកពីក្លិប Chelsea កាលពីខែកញ្ញា ប៉ុន្តែមិនអាចលេងបានរហូតទាល់តែទីផ្សារដោះដូរកីឡាករបើកនៅខែនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅនាទី ទី៦៤ និងបានជួយឲ្យក្រុម Atletico រកបានគ្រាប់បាល់ទី៣នៅនាទី ទី៦៩ ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនេះ Costa បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមានអារម្មណ៍ដូចជាកីឡាករបាល់ទាត់ម្តងទៀត និងលេងម្តងទៀតឲ្យក្រុម Atletico Madrid។ វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនសង្ឃឹមថា អាចចាប់ផ្តើមឲ្យល្អជាងនេះឡើយសម្រាប់ការលេងជាលើកទី២របស់ខ្ញុំឲ្យក្រុម Atletico។ ខ្ញុំត្រូវបានផ្តល់ឱកាសក្នុងការលេងម្តងទៀត ហើយខ្ញុំមានឱកាសក្នុងការរកគ្រាប់បាល់។ គ្រាប់បាល់នោះធ្វើឲ្យខ្ញុំកាន់តែរីករាយ»។

Costa ហាក់ដូចជាបានធ្វើឲ្យខ្លួនឯងរងរបួសទៅហើយ នៅមុនពេលរកគ្រាប់បាល់បញ្ចូលទី ប៉ុន្តែបានបន្តលេងរហូតដល់បញ្ចប់ការប្រកួត។ លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico បានឲ្យដឹងថា៖ «ការវិលត្រឡប់របស់ Costa បានបំពេញភាពរំភើបដល់យើង។ រូបគេនាំយកល្បឿន ភាពខ្លាំង និងភាពរឹងមាំ ដែលជាអ្វីដែលយើងបានរំពឹងទុកពីរូបគេ»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Lleida Esportiu vs Atletico Madrid ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24
Via :cambosport