ខ្សែបម្រើស្លាប Philippe Coutinho បានចាត់ទុកការផ្ទេររបស់គេពីក្លិប Liverpool ទៅកាន់ក្លិប Barcelona គឺជាសុបិនមួយ។ ការផ្ទេរត្រូវបានបំពេញជាផ្លូវការក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់ ១៤២លានផោន (ស្មើនឹង១៩២,៧លានដុល្លារអាមេរិក) ហើយរូបគេត្រូវបានគេនាំទៅធ្វើការបង្ហាញមុខនៅឯកីឡដ្ឋាន Camp Nou នៅថ្ងៃចន្ទនេះ។
ខ្សែបម្រើអន្តរជាតិប្រេស៊ីលដ៏មានឥទ្ធិពលរូបនេះ ដែលបានអង្គុយមើលក្រុមថ្មីរបស់ខ្លួនដណ្តើមបានជ័យជម្នះ ៣-០ លើក្រុម Levante កាលពីថ្ងៃអាទិត្យនោះ នឹងបង្ហាញខ្លួនក្នុងកម្មវិធីចុះហត្ថលេខាមួយលើកិច្ចសន្យារបស់គេនៅថ្ងៃនេះ នៅមុនពេលចូលរួមក្នុងសន្និសីទសារព័ត៌មានមួយ។ Coutinho បានប្រាប់ទូរទស្សន៍ Barca TV ថា៖ «ខ្ញុំពិតជារីករាយណាស់។ ខ្ញុំតែងតែបាននិយាយថា វាគឺជាក្តីសុបិនមួយដែលខ្ញុំកំពុងតែស្ថិតនៅ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ។ ការអាចចូលលេងបាន ការឈ្នះពាន ការធ្វើឲយអ្នកគាំទ្ររីករាយ តែងតែជារឿងរីករាយក្នុងការធ្វើ។ វាពិតជារឿងដ៏មិនគួរឲ្យជឿក្នុងការដឹងថា ខ្ញុំនឹងចូលរួមជាមួយនឹងតារាឆ្នើមក្នុងដួងចិត្ត និងកីឡាករដែលមានប្រវត្តិជាច្រើន»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «កីឡាករជាច្រើនដូចជា Leo Messi, Luis Suarez, [Andres] Iniesta, [Gerard] Pique និង [Sergio] Busquets ខ្ញុំតែងតែរីករាយក្នុងការរស់នៅជាមួយគ្នា អាចរៀនពីពួកគាត់ និងអាចឈ្នះពានជាមួយគ្នា»។ Coutinho បានផ្ទេរទៅកាន់ក្លិប Liverpool ពី Inter Milan ក្នុងតម្លៃខ្លួនត្រឹមតែ៨,៥លានផោន (ស្មើនឹង១១,៥លានដុល្លារអាមេរិក) ប៉ុណ្ណោះកាលពីខែមករា ឆ្នាំ២០១៣ និងបានស៊ុតបាល់បញ្ចូលទី៥៤គ្រាប់សម្រាប់រាល់យុទ្ធនាការទាំងអស់ បើទោះបីរូបគេមិនបានឈ្នះពានអ្វីសោះអំឡុងរយៈពេល៥ឆ្នាំរបស់ក៏ដោយ៕
ប្រភព៖ TheGuardian