លោក Antonio Conte ជឿជាក់ថា Ross Barkley គឺជាកីឡាករគ្រប់លក្ខខណៈម្នាក់ ហើយអ្នកចាត់ការទូទៅរបស់ក្រុម Chelsea រូបនេះ សង្ឃឹមថា ខ្សែបម្រើដ៏មានឥទ្ធិពល Barkley អាចបំពេញសក្តានុពលរបស់គេនៅកីឡដ្ឋាន Stamford Bridge។

លោក Conte បានធ្វើការព្រមានថា Barkley ត្រូវការពេលវេលាក្នុងការរកឲ្យឃើញទម្រង់លេងដ៏ល្អរបស់គេ ក្រោយពីខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានផ្ទេរពីក្លិប Everton ទៅកាន់ Chelsea ក្នុងតម្លៃខ្លួន ១៥លានផោន (ស្មើនឹង២០,៣លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ។ Barkley ទើបតែបានវិលទៅធ្វើការហ្វឹកហាត់វិញ ក្រោយពីជួបបញ្ហារបួសសរសៃពួរគន្លាក់ជើង ដែលត្រូវតែធ្វើការវះកាត់ និងបានធ្វើឲ្យរូបគេអវត្តមាននៅរដូវកាលនេះ ខណៈដែលការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេបានកើតក្នុងពេលក្រុម Everton ប្រកួតជាមួយនឹងក្រុម Arsenal កាលពីថ្ងៃទី២១ ខែឧសភា។ ក្រោយពីការបំពេញការផ្ទេររបស់គេ លោក Conte បានឲ្យដឹងថា៖ «យើងកំពុងតែនិយាយពីកីឡាករម្នាក់ដែលមានសក្តានុពលដ៏អស្ចារ្យ។ រូបគេជាកីឡាករគ្រប់លក្ខខណៈម្នាក់ ប៉ុន្តែស្របពេលជាមួយគ្នានេះ រូបគេក៏ជាកីឡាករវ័យក្មេងផងដែរ។ រូបគេមានគ្រប់លក្ខខណៈទាំងអស់»។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃសុក្រ ក្លិប Everton ក៏បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិទួកគី Cenk Tosun ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន ២៧លានផោន (ស្មើនឹង៣៧លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទី៤១គ្រាប់ក្នុងការប្រកួត៩៦លើកក្នុងក្របខ័ណ្ឌ Super Lig របស់តួកគី ចាប់តាំងពីដើមរដូវកាលឆ្នាំ២០១៤-២០១៥នោះ បាននិយាយថា លោកគ្រូបង្វឹក Sam Allardyce គឺជាកត្តាដ៏ធំមួយក្នុងការសម្រេចចិត្តរបស់គេក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League៕